ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញបានលើកឡើងថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះ មនុស្សចាស់ ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។ ការលើកឡើងរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនេះ ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ចំនួនជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ ដែលក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនតែងតែយកចិត្តទុកដាក់ជានិច្ចកាលចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេតែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក។ ជាក់ស្ដែង នៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន៥ម៉ឺនរៀល។
ឯកឧត្ដមបានបន្ដថា បើតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ក្មេងជាអ្នកមានកម្លាំង ចំណែក មនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឱ្យក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនថែមទៀត។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឱ្យដឹងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១ ២១៣ នាក់ (ស្រី ១៣ ១៧១ នាក់)។
លោកស្រីបានបន្ដថា សមាគម ទទួលបានការគាំទ្រថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន០២លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១ ៣៦៥ នាក់ ចំណាយថវិកាសរុបចំនួន ១៣២ ៧២០ ០០០រៀល និងសម្ភារមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១ ២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភ ថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន ៧៣ ០០០ ០០០រៀល ។ ជាមួយគ្នានេះ បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥ ៣៦០ ០០០ រៀល និងបាននាំយកអំណោយជាថវិកា និងសម្ភាររបស់ឯកឧត្ដម ឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។
លោកស្រីប្រធានមន្ទីរបានបន្ថែមថា មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន២០ ១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)៕