ក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងចីរភាពចំនួន៤៧ ដែលមានតម្លៃជាង ១៥៥ទ្រីលាន Rp (១០,៨៣ប៊ីលានដុល្លារអាម៉េរិក) ដែលមានទីតាំងនៅទូទាំងប្រជុំកោះ ខណៈដែលរដ្ឋាភិបាលមានគោលបំណងចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុប្រកបដោយចីរភាពពិភពលោកដែលកំពុងមានការរីកចម្រើន និងដើម្បីជំរុញសេដ្ឋកិច្ច។
លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងវិនិយោគបាននិយាយថា គម្រោងទាំងនោះមាននៅក្នុងវិស័យចំនួន៤ ដែលរួមមានវិស័យផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ច និងទេសចរណ៍។ គម្រោងបីដំបូងមានតម្លៃប្រមាណ ៥០ទ្រីលាន Rp សម្រាប់គម្រោងនីមួយៗ ខណៈដែលគម្រោងក្រោយៗទៀតមានតម្លៃ ៥,៧៨ទ្រី លាន Rp។
លោកបាននិយាយបន្តថា ការសិក្សាលទ្ធភាពមុនគម្រោងត្រូវបានបញ្ចប់រួចរាល់ហើយ ហើយមានចំនួនទ្វេដងនៃគម្រោងដែលត្រូវបានផ្តល់ជូន បើធៀបទៅនឹងគម្រោងចំនួន២២ ដែលត្រូវបានផ្តល់ជូនកាលពីពីរឆ្នាំមុន។ លោករដ្ឋមន្ត្រីរូបនេះបានផ្តល់ការធានាថា អ្នកវិនិយោគគ្រាន់តែត្រូវការផ្តោតសំខាន់ទៅលើការនាំយកបច្ចេកវិទ្យា និងដើមទុនរបស់ពួកគេប៉ុណ្ណោះ។
ការវិនិយោគ គឺជាកត្តាជំរុញកំណើនដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជួយបង្កើតការងារ ជួយជំរុញកម្លាំងទិញ និងការចំណាយរបស់អ្នកប្រើប្រាស់។ យោងតាមស្ថិតិរបស់់ប្រទេសឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបានកើនឡើង ៣,៦៩ភាគរយកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារតែការស្ទុះងើបឡើងវិញនៃការវិនិយោគ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីពេលថ្មីៗនេះបានណែនាំដល់បណ្តារដ្ឋមន្ត្រីរបស់លោកឱ្យបង្កើនការទាក់ទាញការវិនិយោគ និងកំណត់គោលដៅទាក់ទាញឱ្យបាន ១,២កាទ្រីលាន Rp នៅក្នុងឆ្នាំនេះ ដោយកើនឡើងមួយភាគបីពីចំនួន ៩០០ទ្រីលាន Rp កាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេនិយាយថាមិនមានការប្រកួតប្រជែងខ្ពស់សម្រាប់គម្រោងអភិវឌ្ឍបៃតងនោះទេ។ បញ្ហាបរិស្ថានដែលទាក់ទងនឹងការពង្រីកទីតាំងរុករករ៉ែ និងព្រៃឈើជាការបង្កើនហានិភ័យចំពោះការវិនិយោគទាំងនោះ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)