ការហាមប្រាមចំពោះការប្រើប្រាស់ផ្លាស្ទិកដែលប្រើតែមួយដងនៅតានឧទ្យានជាតិក្នុងប្រទេសថៃបានចូលជាធរមានកាលពីថ្ងៃទី៦ ខែមេសា ដែលជាវិធានការបង្ការដើម្បីការពារសត្វព្រៃ។
យោងតាមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ (DNP) របស់ប្រទេសថៃបានឱ្យដឹងថា បទប្បញ្ញត្តិថ្មីនេះបានចូលជាធរមានបន្ទាប់ពីបានចេញផ្សាយនៅក្នុងរាជកិច្ច។ ការហាមប្រាមនេះធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបំប្លែងការប្រើប្រាស់ផ្លាស្ទិករបស់ប្រទេសថៃទៅជាប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ១០០ភាគរយនៅត្រឹមឆ្នាំ២០២៧។
នាយកដ្ឋាននេះបាននិយាយថា ថង់ប្លាស្ទិកដែលមានកម្រាស់តិចជាង ៣៦មីក្រូន ក៏ដូចជាកញ្ចប់អាហារប្លាស្ទិក ពែង ទុយោបឹត និងកាំបិតជ័រ ត្រូវបានហាមឃាត់នៅគ្រប់ឧទ្យានជាតិទាំងអស់។ ភ្ញៀវដែលនាំវត្ថុប្លាស្ទិកប្រើបានតែមួយដងចូលទៅក្នុងសួនឧទ្យាន អាចប្រឈមមុខនឹងការផាកពិន័យរហូតដល់ ១០០ ០០០បាត។
យោងតាមនាយកដ្ឋាន DNP បានឱ្យដឹងថា កាកសំណល់ប្លាស្ទិកបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វព្រៃ ដោយបង្កឱ្យមានការស្ទះផ្លូវដង្ហើម និងរំខានដល់ប្រព័ន្ធរំលាយអាហាររបស់សត្វទាំងនោះ។ កាកសំណល់ទាំងនេះដែលត្រូវបានចោលទៅក្នុងទន្លេ និងបឹង ក៏បង្កជាការគំរាមកំហែងដល់បរិស្ថានទន្លេ និងជីវិតនៅក្នុងទឹកផងដែរ។
ទោះបីជាថង់ផ្លាស្ទិកប្រើបានតែមួយដងត្រូវបានហាមឃាត់នៅក្នុងផ្សារទំនើប និងហាងលក់ទំនិញនានាតាំងពីឆ្នាំ២០២០ មកក៏ដោយ ក៏នាយកដ្ឋាន DNP បាននិយាយថា អ្នកលក់រាយ និងនៅតាមទីផ្សារតូចៗនៅតែបន្តចែកចាយវាដដែល។
នាយកដ្ឋាននេះបាននិយាយបន្ថែមថា ការកើនឡើងនៃតម្រូវការនៃការខ្ចប់អាហារក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានធ្វើឱ្យបញ្ហាកាកសំណល់ប្លាស្ទិកកាន់តែធ្ងន់ធ្ងរឡើងផងដែរ ទាំងនៅក្នុងប្រទេសថៃ និងប្រទេសនានាជុំវិញពិភពលោក៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)