ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានជំនឿចំពោះបារមីប្រាសាទព្រះគោ ដែលជាមរតក បន្សល់ទុកពីដូនតាមក ហើយនាំគ្នាប្រារព្វធ្វើពិធីបុណ្យនៅក្នុងខែមេសា មុនពេលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមក ដល់ជារៀងរាល់ឆ្នាំ ដើម្បីសេចក្តី សុខចម្រើន។
ក្នុងពិធីបុណ្យប្រាសាទព្រះគោរយៈពេល៣ថ្ងៃគិតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក មៀចអ៊ាងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ពិធីបុណ្យប្រាសាទព្រះគោជាទំនៀមទម្លាប់ខ្មែរយើងធ្លាប់ធ្វើតាំងពីដើមតរៀងមក ហើយកូនចៅជំនាន់ក្រោយបានប្រតិបត្តិតាម ដើម្បីនាំគ្នាបួងសួងសុំឱ្យបារមីដូនតាផ្តល់នូវសេចក្តីសុខចម្រើនក្នុងការរស់នៅនិងប្រកបរបររកស៊ីទទួលទានមានបាន ។
ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែងអញ្ជើញក្នុងពិធីបុណ្យមានប្រសាសន៍ទទួលស្គាល់ថា ប្រាសាទព្រះគោពិតជាមរតកនៅសល់ពីដូនតាយើងពីសម័យដើមមកមែន ហើយក្នុងនាមអាជ្ញាធរខេត្តសុំឱ្យព្រះសង្ឃ អាជ្ញាធរភូមិឃុំ រួមនិងប្រជាពលរដ្ឋនាំគ្នាបង្កើនការអភិរក្សឱ្យបានកាន់តែល្អប្រសើរជាងនេះ។
លោកស្រី ធីខុន រស់ នៅភូមិតាំងតេជោ ឃុំថាឡាបរិវ៉ាត់ បានបញ្ជាក់ថា កិច្ចការអភិរក្សនេះស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋានជួយចូលរួមផងដើម្បីរៀបចំទីតាំងតំបន់ប្រាសាទព្រះគោនេះឱ្យក្លាយជាទីតាំងទេសចរណ៍បែបវប្បធ៌ម សម្រាប់ភ្ញៀវទេសចរមកទស្សនាហើយកូនចៅយើងមានលទ្ធភាពមកស្រាវជ្រាវសិក្សាពីប្រវត្តិសាស្ត្រប្រាសាទនេះផង ដូចជាប្រាសាទព្រះគោ ប្រាសាទប្រាំបួនល្វែង និងទីតាំងតំបន់អង្គរខ្មៅបុរាណនៅសល់ពីដូនតាមក។
លោកផានខានប្រជាពលរដ្ឋ រស់នៅភូមិឃុំថាឡាបរិវ៉ាត់នេះដែរបានចាត់ទុកថា៖ នេះជាការរៀបចំអភិរក្សឡើងវិញនូវមរតក និងទំនៀនទម្លាប់ ប្រពៃណីរបស់ខ្មែរយើង ព្រោះវាមានតម្លៃសម្រាប់សង្គមជាតិ ចំណែកកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានមកឃើញនិងបានស្គាល់ ហើយបងប្អូនប្រជាពលរដ្ឋយើងក៏ខិតខំថែរក្សានូវសមិទ្ធផលមរតកដូនតាឱ្យបានស្ថិតនៅគង់វង្ស។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទម្លាប់ធ្វើបុណ្យប្រាសាទព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងចូលមកដល់ក្នុងខែមេសា ដើម្បីសុំសេចក្តីសុខចម្រើន និងពេលទៅធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើន កូនចៅរស់នៅសុខសប្បាយតរៀងទៅ៕