កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្ត ។
ដោយចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវគោលការណ៍លើការងារសន្តិសុខ ដោយបែងចែកជាបីតំណាក់កាល÷
១.មុនពេលបោះឆ្នោត។
២.ក្នុងថ្ងៃបោះឆ្នោត។
៣.ក្រោយពេលបោះឆ្នោត។
ដោយឡែកការរៀបចំការតុបតែងលម្អ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ÷
១.មន្ទីរអង្គភាពក្រុងស្រុក ត្រូវមានការរៀបចំតុបតែងទៅតាមអង្គភាពរៀងៗខ្លួនឱ្យបានស្អាត និងមានសោភ័ណភាព។
២.មន្ទីរពាក់ព័ន្ធ ធម្មការ វប្បធម៌ ត្រូវត្រួតពិនិត្យ និងឱ្យមានការរៀបចំទៅតាមវត្តអារាម ឱ្យមានការរាបចំលេងល្បែងប្រជាប្រិយនៅតាមទីអារាមនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
៣. មន្ទីសុខាភិបាល ត្រូវរាយការណ៍អំពីលទ្ធផល ពីការចាក់វ៉ាក់សាំង ជូនមករដ្ឋបាលខេត្តជាប្រចាំ។
៤. បណ្ដាលក្រុងស្រុក ត្រូវយកសាលាស្រុក ធ្វើជាទីបញ្ជាការស្រាល សម្រាប់ដឹកនាំកម្លាំងប្រចាំបញ្ជារ ដើម្បីងាយស្រួលអន្តរាគមន៍ ទៅលើបញ្ហាណាមួយក្នុងថ្ងៃចូលឆ្នាំ ដែលអាចមានឡើងជាយថាហេតុ។
៥.បណ្ដាលមន្ទីរអង្គភាព ក្រោយពេលបញ្ចប់ពិធីចូលឆ្នាំថ្មី ត្រូវឱ្យពិធីជួបជុំ និងសំណេះសំណាលជាមួយមន្ត្រីរបស់ខ្លួន និងមានការលើកទឹកចិត្ត។