ប្រទេសឥណ្ឌូណេស៊ី និងកាណាដាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសទៅលើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរថាមពល។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីកាណាដា លោកស្រី Joly Melanie កាលពីថ្ងៃទី១១ ខែមេសា បានចុះហត្ថលេខាទៅលើផែនការសកម្មភាពរវាងឥណ្ឌូណេស៊ី-កាណាដា សម្រាប់រយៈពេលឆ្នាំ២០២២-២០២៥ ដែលនឹងក្លាយជាការណែនាំសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកាណាដា រដ្ឋមន្ត្រីការបរទេស លោកស្រី Marsudi បាននិយាយថា ភាគីទាំងពីរស្វាគមន៍ចំពោះការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី ហើយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងកាណាដាបានកើនឡើងជិត ៣០ភាគរយកាលពីក្នុងឆ្នាំ២០២១ ដោយឈានដល់តម្លៃ ៣,១២ប៊ីលានដុល្លារអាម៉េរិក។
លោកស្រីបាននិយាយថា ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចចរចាលើកដំបូងនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) កាលពីខែមុនរួចហើយ ដោយលោកស្រីបាននិយាយបន្ថែមថា ពួកគេបានព្រមព្រៀងគ្នាក្នុងការពន្លឿនកិច្ចចរចា ដូច្នេះកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ក្នុងពេលវេលាច្បាស់លាស់។
ប្រទេសទាំងពីរប្តេជ្ញាពន្លឿនការផ្លាស់ប្តូរថាមពល ដើម្បីឈានទៅរកការសម្រេចបាននូវអនាគតនៃការបំភាយឧស្ម័នក្នុងកម្រិតសូន្យ។ ពួកគេក៏បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលស្អាតជាងមុន។
យោងតាមលោកស្រីរដ្ឋមន្ត្រី Joly បានឱ្យដឹងថា ប្រទេសទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងទិដ្ឋភាពផ្សេងៗ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)