ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បាននិយាយថា ការនាំចេញរបស់ប្រទេសថៃត្រូវបានគេព្យាករថានឹងកើនឡើង ៥ភាគរយនៅក្នុងឆ្នាំនេះ ដែលទាបជាងការព្យាករពីមុនដែលមានកំណើនពី ៥-៨ភាគរយ។
TSNC បានសន្មតថា ការព្យាករទាបនេះដោយសារភាពមិនប្រាកដប្រជាទៅលើជម្លោះរវាងរុស្ស៊ី – អ៊ុយក្រែន កង្វះវត្ថុធាតុដើម និងភាពប្រែប្រួលនៃតម្លៃរបស់វត្ថុធាតុដើមទាំងនោះ ក៏ដូចជាតម្លៃពលកម្មខ្ពស់ជាងមុន។
ប្រធាន TNSC លោក Chaichan Chareonsuk បាននិយាយថា ក្រុមប្រឹក្សាបានតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់ពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងទណ្ឌកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលត្រូវបានដាក់ចេញដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងប្រទេសថៃ ជាពិសេសនៅក្នុងលក្ខខណ្ឌនៃថ្លៃដើមផលិតកម្មកើនឡើង ដោយសារតម្លៃវត្ថុធាតុដើម និងថាមពលមានការកើនឡើង។
លោកបាននិយាយបន្តថា ការបញ្ជាទិញពីដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះដោយសារតែជម្លោះនេះ។
លោក Chaichan ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ដោយលោកបាននិយាយថា «ដរាបណាការប្រយុទ្ធគ្នានៅតែមានកម្រិតរវាងប្រទេសទាំងពីរ ហើយអត្រាប្តូរប្រាក់បរទេសនៅមានស្ថេរភាពជាមធ្យម ៣៣បាតក្នុងមួយដុល្លារអាម៉េរិកនោះ ក្រុមប្រឹក្សាបានរំពឹងថា ការនាំចេញរបស់ថៃនឹងកើនឡើង ៥ភាគរយពេញមួយឆ្នាំ»។
លោកបាននិយាយថា ការនាំចេញទំនងជាកើនឡើង ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ ពីចំនួន ៥ភាគរយនៅក្នុងការព្យាករពីពេលមុន និងពី ២ភាគរយទៅ ៤ភាគរយនៅក្នុងត្រីមាសទី២។
នៅក្នុងឆ្នាំ២០២១ ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ១៧,១ភាគរយ។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសនេះបានកើនឡើង ១២,២ភាគរយ ដោយឈានដល់តម្លៃ ៤៤,៧ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងការនាំចូលកើនឡើង ១៨,៧ភាគរយ ដោយមានតម្លៃ ៤៧,១ប៊ីលានដុល្លារអាម៉េរិក ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ២,៤ប៊ីលានដុល្លារអាម៉េរិក៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)