កែប ៖ កាលព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ នៃសាលាខេត្តកែប បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត ចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស ២០២២ នៅសាលប្រជុំសាលាខេត្តកែប។
សូមជម្រាបថា ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ ឲ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ រួមគ្នាអភិវឌ្ឍខេត្តកែប ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
ក្នុងពិធីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិ បាលខេត្ត បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួល បាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគេនទេយ្យទានដល់ ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន ព្រមទាំងដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រី រាជការ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងពេលនោះផងដែរ ឯកឧត្ដម អភិបាលខេត្ត ក៏ក្រើនរំលឹកដល់មន្រ្តីរាជការសាលាខេត្តទាំងអស់ ត្រូវចេះអត់ធ្មត់លើការងារ កុំមើលបំណាំគ្នា (រក្សាចាស់បង្កើតថ្មី) ហើយឯកឧត្ដម អភិបាលក៏បានផ្ដល់ថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្តក្នុងម្នាក់5ម៉ឺនរៀល ជែលលាងដៃ និងម៉ាស់ម្នាក់មួយប្រអប់ផងដែរ៕