មកទល់ពេលនេះមន្ទីរកសិកម្មខេត្តបាត់ដំបងបានចងក្រងបណ្តុំផ្សិតចំបើងបានចំនួន ១០បណ្តុំ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន ដើម្បីរកចំណូលបន្ថែមផ្តត់ផ្គង់ជីវភាពគ្រួសារ។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានចងក្រងបណ្តុំផ្សិតចំបើងបានចំនួន១០បណ្តុំ មានសមាជិកជាង៥០០គ្រួសារ ដែលស្ថិតនៅស្រុកបវេល ថ្មគោល បាណន់ ឯកភ្នំ សង្កែ និងស្រុកមោងឬស្សី ហើយការចងក្រងបណ្តុំផ្សិតចំបើងនេះឡើង ពីព្រោះផ្សិតចំបើងកំពុងមានតម្រូវការទីផ្សារខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ។
លោកបានបន្តថា បន្ទាប់ពីការចងក្រងជាបណ្តុំផ្សិតចំបើងហើយនោះ ខាងមន្រ្តីជំនាញក៏បានចុះផ្តល់បច្ចេកទេសដល់កសិករក្នុងការបណ្តុះផ្សិតចំបើងនេះ ឱ្យពួកគាត់អាចទទួល បានចំណេះជំនាញ រួមទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងកាត់បន្ថយការធ្វើចំណាកស្រុក។
«នៅក្នុងនេះយើងបានជំរុញបន្ថែមពីព្រោះទីផ្សារផ្សិតវាមិនទាន់គ្រប់ទេដោយសារតម្រូវការទីផ្សារច្រើនហើយមួយវិញទៀតអ្នកខ្លះធ្វើខាតម្តងពីរដងគាត់អត់ហ៊ានធ្វើទេអ៊ីចឹងទាល់តែគាត់ជួបអ្នកជំនាញពិតប្រាកដបានផ្តល់បច្ចេកទេសត្រឹមត្រូវទទួលបានជោគជ័យបានគាត់ហ៊ានធ្វើបន្តទៀត នេះដោយសារតែមន្ទីរកសិកម្មបានជួយប្រជាពលរដ្ឋ។មួយទៀតបានន័យថាវាមានចំណូលខ្ពស់ ហើយចំនួនថ្ងៃផលិតក៏វាតិចដែរត្រឹមតែ១៥ថ្ងៃទៅ២០ថ្ងៃយើងអាចប្រមូលផលវាបានហើយទទួលបានលុយច្រើន»។
លោកស្រី មឿន ច្រិប កសិករបណ្តុះផ្សិតចំបើង រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា លោកស្រីបានបណ្តុះផ្សិតចំបើងដោយសង់រោងផ្សិតទំហំ ១ ២៥០ម៉ែត្រក្រឡា រោងបណ្តុះផ្សិត៥ខ្នង ស្មើនឹង៩បន្ទប់ ក្នុង១បន្ទប់ប្រមូលផលបានពី ៨០គីឡូទៅ១០០គីឡូ ដែលមានតម្លៃពី១០០០០រៀល ទៅ១២ ០០០រៀលក្នុងមួយគីឡូក្រាម ។
បច្ចុប្បន្ននេះលោកស្រីបានធ្វើស្រែនិងដាំម្នាស់ចំនួនជាង១០ហិកតា ហើយលោកស្រីក៏បានចាប់មុខរបរបណ្តុះផ្សិតមួយបន្ថែមទៀត ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែធូរធារជាងមុន៕