សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់គោរពនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំ និងចៀសវាងការបើកជែងគ្នា និងចេះយោគយល់អធ្យាស្រ័យគ្នា។
ក្នុងសារសម្លេងពិសេស នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ មានក្រោម២០ករណី និងមិនមានករណីស្លាប់ថ្មី តាំងពីមុន និងពេលចូលឆ្នាំខ្មែរ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនដែលធ្វើឱ្យមនុស្សស្លាប់ច្រើន ដូច្នេះសម្តេចស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើការការពារខ្លួន។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ៖ «គ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនជាប្រចាំថ្ងៃ ដែលធ្វើឲ្យមនុស្សស្លាប់មានចំនួនច្រើន ដូច្នេះហើយ ខ្ញុំសូមស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ។ ហើយខ្ញុំក៏សូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ជាមួយនឹងការសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងការកម្សាន្តសប្បាយនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី២នេះ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំពោះកិច្ចសហការ និងការធ្វើដំណើរក៏ដូចជាការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តវិធានការសុខាភិបាល ដែលការចូលរួមទាំងឡាយនេះ គឺជោគជ័យនៃការកម្សាន្តចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព។
សូមរម្លឹកថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក នៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និងរបួសស្រាលចំនួន ០៣នាក់៕