លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកឡើងថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិទោចក្រយាន នៅតែបន្តការហ្វឹកហាត់យ៉ាងខ្លាំងក្លា បើទោះបីជាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ក្រុមជម្រើសជាតិរបស់ខ្លួន មិនបានឈប់សម្រាកដែរ ដោយលោករំពឹងថា ក្រុមជម្រើសជាតិនឹងដណ្តើមបានលទ្ធផលល្អពីស៊ីហ្គេម នៅប្រទេសវៀតណាម ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។
លោក នូ ចំរើន បានបង្ហាញក្តីសង្ឃឹមថា ជាមួយនឹងការប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មនេះ ក្រុមកង់ជម្រើសជាតិកម្ពុជា នឹងអាចធ្វើបានល្អក្នុងការប្រជែង ក្នុងកម្រិតមេដាយណាមួយលើវិញ្ញាសាកង់ភ្នំ និងវិញ្ញាសាកង់គួក ខណៈសហព័ន្ធក៏មានរំពឹងដែរលើកីឡាករកូនខ្មែរអាម៉េរិកម្នាក់ ដែលនឹងចូលរួមប្រកួតស៊ីហ្គេម ២០២២។
ទោះយ៉ាងនេះក្តី អគ្គលេខាធិការរូបនេះបន្ថែមថា ប្រសិនបើក្រុមកង់កម្ពុជា មិនអាចឈានដល់កម្រិតមេដាយ យ៉ាងហោចណាស់ ក៏លោកជឿជាក់ថា តាមរយៈការប្រឹងប្រែងនេះនឹងអាចដណ្តើមបានលទ្ធផលល្អជាងស៊ីហ្គេមមុនៗ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
យោងតាមបញ្ជីផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបង្ហាញបញ្ជីផ្លូវការ នូវចំនួនក្រុមជម្រើសជាតិកង់មានចំនួន ៩នាក់ ក្នុងនោះកីឡាករ៧នាក់ ដោយប្រកួតលើ៧វិញ្ញាសា ក្នុងនោះកង់ភ្នំបុរស ២នាក់, កង់ភ្នំនារី ២នាក់, កង់ភ្នំបណ្តាក់បុរស-នារី ៤នាក់ និងវិញ្ញាសា៣ទៀតផ្នែកកង់គួក។
សូមបញ្ជាក់ថា កម្ពុជាបានប្រកាសចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់ ដោយត្រៀមប្រតិភូ អត្តពលិកសរុបចំនួន ៥៥០នាក់ រួមមាន៖ ថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ ក្នុងនោះកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់។ ជាមួយគ្នានោះដែរ ក៏មានគ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យ ចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៦នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២១នាក់ និង CADA ចំនួន ៤នាក់។ ចំពោះប្រភេទកីឡា គឺកម្ពុជាបានត្រៀមចូលរួមចំនួនទាំង ៣៣ប្រភេទកីឡា៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល