ខេត្តឧត្តរមានជ័យ ៖ ក្រោមការបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានជោគជ័យ ។
នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ នេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កងកម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម ។
១.ឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
២.ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។
បន្ទាប់មករហូតដល់ម៉ោង២និង០០នាទី ឈានចូលថ្ងៃទី ១៩ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ បន្ថែមម្នាក់ទៀតមានឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយមកកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង៣នាក់ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា រូបខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣និង០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ រំលោភនិងវាយសម្លាប់ យកសាកសពទៅបោះចោលក្នុងទឹកអូរខាងត្បូង ភូមិចំការចេក។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕