ខេត្តកណ្តាល៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សន្តិភាពគឺជាការផ្តើម នៃភាពសុខសាន្ត និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។ ហើយបើគ្មានសន្តិភាពទេ សូមកុំសង្ឃឹមថាមានសេចក្តីសុខ និងសប្បាយដូចសព្វថ្ងៃនេះអោយសោះ។ ដូច្នេះ យើងត្រូវរួមគ្នាការពារថែរក្សា សន្តិភាពអោយបាន ទោះក្នុងតម្លៃណាក៍ដោយ។
ថ្លែងក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវង ៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និង៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដាក់លូមុខកាត់ ០.៦ម៉ែត្រ ប្រវែង៣៦២ម៉ែត្រ និងទរបង្ហូរទឹក ១កន្លែង នៅភូមិតាក្តុល សង្កាត់ក្តុល ក្រុងតាខ្មៅ កាលពីថ្ងៃទី២០មេសានេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែង ដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើក ការរដ្ឋានសាងសង់ ផ្លូវបេតុងនាពេលនេះ ជាសក្ខីភាពស្រាប់ ។
ឆ្លៀតនាឱកាសនោះដែរឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ក៏បានណែនាំអោយ អជ្ញាធរ ក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ បំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ សុវត្ថិភាព របស់ក្រសួងសុខាភិបាល និងវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល” ៣កុំ និង៣ការពារ” ។
គួរបញ្ជាក់ថា ផ្លូវបេតុងអាមេ លូ និងទរបង្ហូរទឹក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺទទួលបានឥណទានថវិការបស់ រដ្ឋបាលខេត្តកណ្ដាល ឆ្នាំ២០២០ និងឆ្នាំ២០២១ ៕