បាត់ដំបង ៖ បន្ទាប់ពីចុះអនុស្សរណ:យោគយល់គ្នារវាងខេត្តបាត់ដំបងនិងខេត្តអិហិមិ នៃប្រទេសជប៉ុនមក អភិបា លខេត្តនៃប្រទេសជប៉ុនមួយនេះ បានផ្តល់អំណោយរថយន្តគិលានសង្គ្រោះ៣ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និង ត្រាក់ទ័រ១គ្រឿង ផងដែរដល់រដ្ឋបាលខេត្តបាត់ ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងករណីចាំបាច់។
ថ្លែងក្នុងពិធីប្រគល់និងទទួលរថយន្តដែលធ្វើឡើងតាមរយៈប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី ២០ខែមេសា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបងសំដែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ លោក តូមីយ៉ាសុ ប្រធានក្រុមហ៊ុន ISEKI Co.,Ltd និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយក ចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ នាពេលនេះ។
ឯកឧត្តមចាត់ទុកថា នេះជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មជាដើម និងដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ ។
ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសជប៉ុន ពិសេសខេត្តអិហិមិ បន្តជំរុញក្នុងការផ្សព្វ ផ្សាយ ដល់វិនិយោគិននៅក្នុងប្រទេសជប៉ុន ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេសជប៉ុន និងខេត្តអិហិមិ អញ្ជើញមកទស្សនាខេត្តបាត់ដំបង និងធ្វើការបណ្ដាក់ទុននៅក្នុងទឹកដីកសិកម្មនេះឱ្យកាន់តែច្រើនឡើងៗ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកវិនិយោគ និងភ្ញៀវទេសចរមកខេត្តបាត់ដំបងផងដែរ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហិមិ នៃប្រទេសជប៉ុន។
បានចុះអនុស្សរណៈនៃការ យោគយល់គ្នា ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចនៃភាគីទាំងពីរដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេស ៕