កំពង់ស្ពឺ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២២–
កម្មករ កម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ ធី វ៉ាយ ហ្វេសិន ( ខេមបូឌា ) ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២នេះ បានទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) AstraZeneca ( ជំហានទី១ ) តាមរយៈក្រុមគ្រូពេទ្យទ័ពជើងគោក ។
ដោយមានការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដោះស្រាយ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និង ដូសទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រី និងជនបរទេស នៅក្នុងនោះក្រុមគ្រូពេទ្យកងទ័ពជើងគោក បានទទួលផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តបទបញ្ជា បញ្ជាការដ្ឋានកងទ័ពជើងគោក បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិត មន្ត្រី និងជនបរទេស នៅក្នុង និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះកម្មករ កម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ ធី វ៉ាយ ហ្វេសិន ( ខេមបូឌា )ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាក សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕