បាត់ដំបង ៖ ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ដែលមានជីវភាពក្រីក្រចំនួន ៤៤១គ្រួសារ មកពីភូមិចំនួន៨៤ នៃឃុំចំនួន ១១ ក្នុងស្រុកសំពៅលូន និង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២២។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង ដែលដឹកនាំអំណោយមនុស្សធម៌ចែកជូន នាពេលនេះ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះ គ្រួសារងាយរងគ្រោះដោយក្តីនឹករលឹកបំផុតដែលជា និច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិ សាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបា យអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។
ជាមួយនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើ ប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ។
ឯកឧត្តមបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរព ច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ។
បន្ថែមពីនោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ និងចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ។
សូមបញ្ជាក់ថាការផ្ដល់អំណោយមនុស្ស ធម៌នេះ បានធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ នៅបរិវេណវត្ត អូរជុំឧត្តមសាមគ្គី ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន២០០គ្រួសារ និង ទីតាំងទី២៖នៅបរិវេណវត្តគិរី សង្វាពេជ្រ ហៅវត្តភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន២៤១ គ្រួសារ ។ អំណោយផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស, មី ១ កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែលចំនួន ១ដបផងដែរ ៕