រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ RLT និង n-tv ថា ប្រទេសអាល្លឺម៉ង់មិនអាចបញ្ជូនអាវុធធុនធ្ងន់ទៅកាន់ប្រទេសអ៊ុយក្រែនបានទេ។
លោកស្រី Lambrecht បាននិយាយថា ដូច្នេះវាចាំបាច់ណាស់ក្នុងការរៀបចំនូវអ្វីដែលគេស្គាល់ថាជាការផ្លាស់ប្តូរសារាចរជាមួយដៃគូសហភាពអឺរ៉ុប និងអង្គការណាតូ ដែលមានន័យថា អាវុធអាចត្រូវបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនពីប្រទេសផ្សេងៗទៀតដែលអាល្លឺម៉ង់នឹងអាចផ្តល់សំណងនៅពេលក្រោយ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា សព្វាវុធដែលផលិតដោយសូវៀតអាចត្រូវបានចែកចាយ។ លោកស្រី Lambrecht បានពន្យល់ថា «ការផ្គត់ផ្គង់ទាំងនោះមានរថក្រោះ រថក្រោះប្រយុទ្ធថ្មើរជើង និងជម្រើសផ្សេងៗទៀតដែលប្រទេសនីមួយៗអាចផ្តល់បាន។ បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាអំពីបញ្ហានេះ ហើយអ្វីៗដំណើរការលឿនណាស់»។ នៅពេលសួរថា តើពេលណាទើបប្រទេសអ៊ុយក្រែនអាចទទួលបានអាវុធធុនធ្ងន់ទាំងនោះនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា «វាអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត»។
សំណើផ្លាស់ប្តូរសារាចរនេះត្រូវបានដាក់ចេញនៅពេលមុននេះដោយអនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck ដែលដើរតួនាទីជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងអាកាសធាតុផងដែរ។
បន្ទាប់ពីកិច្ចប្រជុំតាមទូរទស្សន៍មួយជាមួយបណ្តាមេដឹកនាំលោកខាងលិចកាលពីថ្ងៃអង្គារ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះស្ទើរតែអស់ការផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនហើយ។ លោកបាននិយាយបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ទីក្រុងគៀវអាចទិញអាវុធពីបណ្តាក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ ហើយការទិញទាំងនេះនឹងត្រូវទូទាត់វិញជាបន្តបន្ទាប់៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)