ភ្នំពេញៈ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។
ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ឆ្ពោះទៅ ម្ដុំវត្ត អង្គតាមិញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងយើងបានធ្វើការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ចំណែកបក្សពួក ចំនួន០២នាក់ទៀត បានរត់គេចខ្លួន។
ហើយនៅវេលាម៉ោង១៧និង១៥នាទី កម្លាំងអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅយកម៉ូតូជនរងគ្រោះនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរងគ្រោះវិញផងដែរ ។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងជនរងគ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដូចការចោទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់ ចំណែកឯបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕