ប្រទេសហ្វីលីពីនបានបញ្ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់គម្រោងថាមពលខ្យល់នៅឯឆ្នេរសមុទ្រ ដែលនៅក្នុងនោះមានសេណារីយ៉ូចំនួនពីរត្រូវបានគូសបញ្ជាក់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលខ្យល់របស់ប្រទេសនេះ។
ផែនទីបង្ហាញផ្លូវសម្រាប់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្ររបស់ប្រទេសហ្វីលីពីនដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយក្រសួងថាមពលនៃប្រទេសហ្វីលីពីន និងធនាគារពិភពលោកបានបង្ហាញថា ប្រទេសនេះមានសក្តានុពលក្នុងការដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រដែលមានសមត្ថភាព ២១ជីហ្កាវ៉ាត់ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងគោលនយោបាយ។
ផែនទីបង្ហាញផ្លូវថ្មីនេះបានបង្ហាញពីសក្ដានុពលសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលខ្យល់នៅឆ្នេរសមុទ្រនៅក្នុងសេណារីយ៉ូទាំងពីរនោះ។ សេណារីយ៉ូកំណើនទាបផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រដែលមានកម្លាំង ៣ជីហ្កាវ៉ាត់នៅត្រឹមឆ្នាំ២០៤០ ដែលបង្កើតបាន ៣ភាគរយនៃការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះ ខណៈដែលសេណារីយ៉ូកំណើនខ្ពស់ផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រដែលមានកម្លាំង ២១ជីហ្កាវ៉ាត់។
រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសហ្វីលីពីន លោក Alfonso Cusi បាននិយាយថា ផែនទីបង្ហាញផ្លូវនេះបានបង្ហាញថា ខ្យល់នៅឆ្នេរសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការថាមពលរបស់ប្រទេសហ្វីលីពីន និងពន្លឿនដល់ការបំបាត់ការបំភាយឧស្ម័នកាបូនិក។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ប្រទេសហ្វីលីពីនមានសក្តានុពលនៃថាមពលខ្យល់នៅឆ្នេរសមុទ្រតាមបែបបច្ចេកទេសដែលមានកម្លាំង ១៧៨ជីហ្កាវ៉ាត់។ នៅក្នុងសេណារីយ៉ូនៃកំណើនខ្ពស់ ថាមពលខ្យល់នៅឆ្នេរសមុទ្រអាចបង្កើតការងារបានរាប់ពាន់នាក់នៅត្រឹមឆ្នាំ២០៤០ និងផ្តល់នូវតម្លៃសរុបក្នុងស្រុករាប់ពាន់លានដុល្លារអាម៉េរិកបន្ថែមទៅលើសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)