អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាមេដឹកនាំនៅអាហ្វ្រិកខាងកើតក្នុងការលើកកម្ពស់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងតំបន់អាហ្វ្រិកខាងកើត។
ប្រធានអង្គការសហប្រជាជាតិរូបនេះបានកោតសរសើរចំពោះបណ្តាមេដឹកនាំក្នុងតំបន់ រួមទាំងប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីធ្វើការងារឆ្ពោះទៅរកគោលបំណងទាំងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរងរបស់លោកប្រធានអង្គការនេះ លោក Eri Kaneko ។
លោក Guterres បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់កិច្ចសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ DRC ដើម្បីការពារជនស៊ីវិល។
លោកបានជំរុញឱ្យក្រុមប្រដាប់អាវុធក្នុងស្រុកទាំងអស់នៅ DRC ឱ្យចូលរួមដោយគ្មានលក្ខខណ្ឌនៅក្នុងដំណើរការនយោបាយ និងក្រុមប្រដាប់អាវុធបរទេសទាំងអស់ឱ្យដកហូតអាវុធ ហើយវិលត្រឡប់ដោយគ្មានលក្ខខណ្ឌ និងភ្លាមៗទៅកាន់ប្រទេសដើមរៀងៗខ្លួនវិញ។
ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ រួមទាំងវិធានការមិនមែនយោធាផងនោះ ប្រធានអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបន្តកិច្ចសន្ទនាដោយភាពស្មោះត្រង់ និងដោយការបើកចំហនៅក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយភាពតានតឹង និងពង្រឹងទំនុកចិត្តទៅវិញទៅមក។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា លោកបានបញ្ជាក់សារជាថ្មីថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពរយៈពេលវែង ក្នុងគោលបំណងសម្រេចឱ្យបាននូវការទទួលខុសត្រូវ និងការពង្រឹងការទទួលបានសន្តិភាព និងសន្តិសុខ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)