ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ —
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៤ ៨៩២ ២៦៤ នាក់ បានចាក់វ៉ាក់សាំង ដែលស្មើនឹង ៩៣.០៨% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ខណៈខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ១១លានដូស សម្រាប់ចាក់ជាដូសជំរុញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់បន្ថែមថា ការងារចាក់វ៉ាក់សាំងដូសជំរុញ ទាំងដូសទី៣ និងដូសទី៤ ក៏បាននិងកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៨ ២៥១ ០៧៣ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ៤១២ ២៨៨ នាក់។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាប ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ និងការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៨៤ ០២៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៣៧ ៨៣៦ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៨៤% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣២ ១១៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦៧ ៨៦៥ នាក់ ដែលស្មើនឹង ១០០.២៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៥១ ៥២៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៨៤ ០១១ នាក់ ដែលស្មើនឹង ១០៨.១២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៨៤ ៧០០ នាក់ សម្រាប់ដូសទី១ និងចំនួន ៣០៦ ៤២០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៦.៤១%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៣៣៩ ៨៩៦ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ១៥៥ ៨១១ នាក់ ដែលស្មើនឹង ៥៥.៦៥% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជាសរុបរួម តួលេខនៃប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងនេះ ទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥១ ១៣២ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។
– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ ដូស។
– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនៃការពិធីទទួលវ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនេកា ដែលជាជំនួយរបស់ប្រទេសអ៊ីតាលី ចំនួន ១ ០៥៦ ០០០ ដូស នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសទៀត នៅក្នុងឆ្នាំ២០២២នេះ រួមមាន វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញប្រមាណ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត។
ដោយឡែកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ ក៏សង្កេតឃើញថាមិនមានករណីផ្ទុះការឆ្លងរាលដាលទ្រង់ទ្រាយធំណាមួយនោះទេ ដូច្នេះសម្តេចប្រមុខរាជរដ្ឋាភិបាល កំពុងពិចារណាក្នុងការដកបំរាមនូវកាតព្វកិច្ចពាក់ម៉ាសនៅខេត្តមួយចំនួនទៀត រួមនឹងវិធានការសុខាភិបាលខ្លះៗទៀត ប៉ុន្តែតម្រូវឱ្យបងប្អូនជនរួមជាតិត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញ ដែលយ៉ាងហោចណាស់ក៏ដូសទី៣ ជាចាំបាច់៕