ប្រទេសឡាវមានការកើនឡើងអតិរេកពាណិជ្ជកម្មក្នុងរយៈពេលបីខែជាប់ៗគ្នានៃឆ្នាំនេះ បើទោះបីជាប្រាក់គីបបន្តធ្លាក់ចុះ និងមានការកើនឡើងនៃថ្លៃដើមក្នុងវិស័យផលិតកម្ម និងទំនិញប្រើប្រាស់ក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ស្ថិតិពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ដែលបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសនេះត្រូវបានកត់ត្រានូវតម្លៃ ៤១លានដុល្លារអាម៉េរិកកាលពីក្នុងខែមករា និងកើនឡើងដល់ ៤៨លានដុល្លារអាម៉េរិកនៅក្នុងខែកុម្ភៈ និង ៧៨,៣លានដុល្លារអាម៉េរិកនៅក្នុងខែមីនា។
តម្លៃសរុបនៃទំនិញដែលបាននាំចូល និងនាំចេញកាលពីក្នុងខែមករា សម្រេចបានចំនួន ១,១៥ប៊ីលានដុល្លារអាម៉េរិក ដោយក្នុងនោះការនាំចេញមានតម្លៃ ៥៩៨លានដុល្លារអាម៉េរិក និងការនាំចូលមានតម្លៃ ៥៥៧លានដុល្លារអាម៉េរិក។ តម្លៃពាណិជ្ជកម្មសរុបនៅក្នុងខែកុម្ភៈមានចំនួន ៩៨៩លានដុល្លារអាម៉េរិក ដែលរួមទាំងទំនិញនាំចេញមានតម្លៃ ៥១៩លានដុល្លារអាម៉េរិក និងទំនិញនាំចូលមានតម្លៃ ៤៧១លានដុល្លារអាម៉េរិក។ កាលពីខែមុន តម្លៃពាណិជ្ជកម្មសរុបត្រូវបានកត់ត្រានូវតម្លៃ ១,០៧ប៊ីលានដុល្លារអាម៉េរិក ដែលរួមមានការនាំចេញមានតម្លៃ ៥៧៧,៨លានដុល្លារអាម៉េរិក និងការនាំចូលមានតម្លៃ ៤៩៩,៥លានដុល្លារអាម៉េរិក។
ស្ថិតិទាំងនេះមិនរាប់បញ្ចូលនូវតម្លៃអគ្គិសនីដែលបាននាំចេញទេ ហើយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលដែលទទួលបានព័ត៌មាននេះ។
ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសឡាវរួមមានមាស ដុំមាស ក្រដាស និងផលិតផលធ្វើពីក្រដាស រ៉ែទង់ដែង កៅស៊ូ ដំឡូងមី រ៉ែដែក ផ្លែចេក សម្លៀកបំពាក់ ស្បែកជើង និងវត្ថុធ្វើពីទង់ដែង និងទង់ដែង។
ទំនិញសំខាន់ៗដែលនាំចូលរួមមាន យានយន្ត (មិនរាប់បញ្ចូលម៉ូតូ និងត្រាក់ទ័រ) ប្រេងម៉ាស៊ូត និងឧបករណ៍មេកានិច (មិនរាប់បញ្ចូលយានយន្ត) ត្បូងមានតម្លៃ កំទេចឈើ និងក្រដាស គ្រឿងបន្លាស់រថយន្ត (រួមទាំងសំបកកង់ របាំងខ្យល់ និងច្រវ៉ាក់) ផលិតផលផ្លាស្ទិច ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍អគ្គិសនី ប្រេងឥន្ធនៈ និងផលិតផលគីមី។
ទីផ្សារនាំចេញធំៗទាំងប្រាំរបស់ប្រទេសឡាវរួមមាន ប្រទេសចិន វៀតណាម ថៃ អូស្ត្រាលី និងឥណ្ឌា ខណៈដែលប្រទេសនាំចូលធំៗរួមមាន ប្រទេសថៃ ចិន វៀតណាម ស្វីស និងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលឡាវមានបំណងចង់បានអតិរេកពាណិជ្ជកម្មយ៉ាងហោចណាស់ ១,៥៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ បើទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះដែលបានបង្កឡើងដោយផ្នែកដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)