កំពង់ចាម៖ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២
នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រែកក្របៅ សាលាបឋមសិក្សា អណ្តូងតាអុង ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងកាកបាទក្រហមកម្ពុជាកម្ពុជា ថ្នាក់កណ្តាល និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលសំណង់អនាម័យទឹកស្អាត ជូនខេត្តកំពង់ចាម ។
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា កំពង់ចាមជាខេត្តមួយ ដែលធ្លាប់ទទួលរងនូវគ្រោះមហន្តរាយខ្លះៗ ដូចជា ជំនន់ទឹកភ្លៀង និងជំនន់ ទន្លេមេគង្គជាដើម ដែលធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នង សាលារៀនជាច្រើនកន្លែង ជាពិសេសស្រុកដែលស្ថិតនៅតាមដងទន្លេមេគង្គ។
ដោយមើលឃើញពីបញ្ហាកង្វះខាតរូបវ័ន្តអនាម័យទឹកស្អាត ជាពិសេសក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សាខាកាក់បាតក្រហមខេត្ត បានទទួលថវិការពីកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ តាមសាលារៀន ដែលជាទីទួលសវត្ថិភាពពេលមានទឹកជំនន់ និងមានតម្រូវការចាំបាច់ ដើម្បីចូលរួមចំណែក បង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សំណង់អនាម័យ ទឹកស្អាត ដែលខេត្តកំពង់ចាមទទួលបាននោះរួមមាន អណ្តូងស្នប់បំពាក់ម៉ូទ័រ២កន្លែង ស្ថានីយ៍លាងដៃ ៨កន្លែង បង្គន់អនាម័យសង់ថ្មី ១ខ្នង៣ បន្ទប់ ជួសជុលបង្គន់អនាម័យ ១ខ្នង៤ បន្ទប់ និងតម្លើងស៊ីទែនទឹកថ្មី ចំណុះ ២០០០លីត្រ ជាមួយជើងទម្រ១ ដែលចំណាយអស់ថវិកាចំនួន ២៤៥០០ដុល្លារអាមេរិក ។
ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាជនដែលងាយរងគ្រោះគ្រប់ទីកន្លែង ក្នុងទូទាំងប្រទេស។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផងដែរថា ការថែទាំសុខភាពគឺជារឿងសំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗ ។
លោកជំទាវ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែបញ្ហាសុខភាព គឺមិនអាចអ្នកណា ចែកឱ្យអ្នកណាម្នាក់បាននោះទេ ពោល គឺបុគ្គលគ្រប់រូប ត្រូវតែមានការផ្លាស់ប្ដូរឥរិយាបថ ថែរក្សាសុខភាពរបស់ខ្លួន ដោយខ្លួនឯង ដោយការធ្វើអនាម័យលើខ្លួនប្រាណ និងការធ្វើអនាម័យលើការបរិភោគអាហារជាដើម ។
លោកជំទាវអគ្គលេខាធិការបានបន្តថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសការលាងសម្អាតដៃ និងពាក់ម៉ាសអោយបានត្រឹមត្រូវ ពេលចូលទីប្រជុំជន ដូចជាទីផ្សារជាដើម ដើម្បីកាត់បន្ថយការឆ្លងជំងឺផ្សេងៗ ដែលកើតឡើងពីការខ្វះអនាម័យ ៕