ស្របពេលដែលប្រជាពលរដ្ឋខ្មែរឥស្លាមកំពុងគោរពប្រតិបត្តិក្នុងខែបួសរ៉ាមាដន ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីស្រាយបួសនឹងមកដល់នោះ ក្នុងនាមឯកឧត្តម ផុស សុវណ្ណ ប្រតិភួរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៍ និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិន រួមទាំងក្រុមការងារ និងសប្បុរសជន គឺបានបន្តនាំយកនូវកញ្ចប់អាហារដើម្បីធ្វើការឧបត្ថមដល់ប្រជាពលរដ្ឋខ្មែរ ឥស្លាមចំនួន៣៩២គ្រួសារស្ថិតនៅក្នុងភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
នៅក្នុងឱកាសនេះដែរឯកឧត្តម ផុស សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន បានធ្វើអ្នកមានជំនឿលើសាសនាព្រះពុទ្ធ សាសនាមូស្លីម និងសាសនាផ្សេងៗទៀត គឺអាចរួមរស់ជាមួយគ្នាក្នុងភាពសុខសាន្ត និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែមានភាពរីកចម្រើនដូចបណ្តាប្រទេសជឿនលឿនលើសកលលោក ជាងនេះទៅទៀតបងប្អូនខ្មែរឥស្លាមគឺត្រូវបានប្រមុខរាជរដ្ឋាភិបាល កម្ពុជាផ្តល់ឱកាសមានតួនាទីជាថ្នាក់ដឹកនាំធំៗផងដែរនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ផុស សុវណ្ណ មានប្រសាសន៍បញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជាគឺជាប្រទេសមួយស្ថិតនៅក្នុងប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ បង្គូរដូចបណ្តាប្រទេសមួយចំនួនក្នុងអាស៊ី ហើយយើងទាំងអស់គ្នា នឹងអាចទទួលបានផល អំពីកំណើនសេដ្ឋកិច្ចនេះក្នុងការអភិវឌ្ឍន៍ប្រទេសលើហេដ្ឋារចនាសម្ព័ន្ធនិងការងារផ្សេងៗ ដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសដែលឯកឧត្តម ផុស សុវណ្ណ នាំយកកញ្ចប់អាហារឧបត្ថមជូនប្រជាពលរដ្ឋជិត៤០០គ្រួសារក្នុងភូមិទី១៣លើ ឃុំកោះសូទិន នាពេលនេះឯកឧត្តមក៏បានកោតសរសើរដល់លោក លី មូសា គណៈអ៉ីមាំស្រុកកោះសូទិន ដែលបានខិតខំស្វះស្វែងរកដៃគូដើម្បីផ្តល់ជាអំណោយក្នុងខែបួសរ៉ាមាដន និងបានចាត់ទុកថា ជាអំពើល្អមួយទទួលនូវកុសលច្រើនជាងពេលណាៗទាំងអស់ ហើយក្នុងរដូវបួសនេះគឺបាន បានផ្តល់នូវភាពស្មើៗគ្នា សាមគ្គីភាពគ្នា ក្នុងការចូលរួមចំណែកចំពោះអ្នកដែលមាន ធនធាន ច្រើន ជាមួយអ្នកមានធនធានតិច។
សូមបញ្ជាក់ថាអំណោយដែលធ្វើការឧបត្ថមជូនខាងលើនេះជាអំណោយបានមកពីសប្បុ រស្បុរជនប្រទេសម៉ាឡេសុីតាមរយៈលោក លី មូសា ដោយក្នុង១គ្រួសារទទួលបានអង្ករ ១៥ គក មី៥កញ្ចប់ ទឹកដោះគោខាប់២កំប៉ុង ប្រេងឆា ១លីត្រ ទឹកក្រូច ១ដបធំ។ មិនតែប៉ុណ្ណោះក៏ មានការឧបត្ថមបន្ថែមនូវថវិកាចំនូន៤លានរៀលសម្រាប់ដោះស្រាយ អាហារស្រាយបួស ប្រចាំថ្ងៃ និងថវិកា៣លានរៀលផ្សេងទៀតសម្រាប់ចាក់ដីផ្នូរសពរួម ដែលសរុបថវិការទាំងអស់ ចំនួន២៧,៧៧៦,០០០រៀល៕