ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ទីក្រុងគៀវថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន និងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន អំពីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុពីទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងគៀវ ក៏ដូចជាការបង្កើនសម្ពាធទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
លោក ហ្សេលេនស្គី បានសរសេរនៅក្នុងបណ្តាញតេឡេក្រាមផ្លូវការរបស់លោកកាលពីថ្ងៃចន្ទថា «ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន ស្តីពីជំនួយផ្នែកយោធា ការបង្កើនសម្ពាធទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន»។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយបន្ថែមថា «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងគៀវក្នុងឱកាសដ៏សំខាន់នេះសម្រាប់ប្រទេសអ៊ុយក្រែន គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់»។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកសម្រាប់ «ជំនួយដែលមិនធ្លាប់មានពីមុនមកនេះ»៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)