កីឡាករជម្រើសជាតិហែលទឹក លឹម សុខវឌ្ឍន៍ នន្ទ មកពីក្លិបកីឡាហែលទឹកក្រសួងព័ត៌មាន នឹងត្រូវចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀណាម។
សហព័ន្ធខ្មែរកីឡាហែលទឹកបានចេញបញ្ជីឈ្មោះផ្លូវការ និងកំពុងពង្រឹងការហ្វឹកហាត់លើវិញ្ញាសាហែលទឹក និងវិញ្ញាសា «ហែលជើងទា-Fin Swimming» ដែលជាវិញ្ញាសាថ្មីមួយសម្រាប់កម្ពុជា ហើយក៏ជាគោលដៅយុទ្ធសាស្ត្រ ក្នុងការស្វែងរកមេដាយជូនជាតិ។
សម្រាប់វិញ្ញាសាហែលទឹក មានកីឡាករជម្រើសជាតិចំនួន៦នាក់ និងកីឡាការិនី៤នាក់ សរុប១០នាក់ ដែលត្រូវប្រកួតលើ២៥វិញ្ញាសា។ ដោយឡែកសម្រាប់វិញ្ញាសា ហែលជើងទា មានសមាសភាពកីឡាករ ៤នាក់ និងកីឡាការិនី២នាក់ ដោយត្រូវប្រកួតលើ១២វិញ្ញាសា។
ចំពោះវិញ្ញាសាហែលជើងទា ដែលមានកីឡាករ៤នាក់នេះ រួមមាន៖ លឹម កែវឧត្តម, លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា និងឆោម ច័ន្ទថុន និងកីឡាការិនី២នាក់ គឺ កាំង ម៉ុយនីន និង ឃឺន ប៊ុនពេជ្រមរកត។ ក្នុងនោះ កីឡាករជម្រើសជាតិមកពីក្លិបហែលទឹកក្រសួងព័ត៌មាន លឹម សុខវឌ្ឍន៍នន្ទ នឹងត្រូវប្រកួតលើវិញ្ញាសាឯកត្តជន ១០០ម៉ែត្រ Bi Fin, ៥០ម៉ែត្រ Surface និងចូលរួមប្រកួតជាមួយមិត្តរួមជាតិ២វិញ្ញាសាទៀត រួមមាន៖ បណ្តាក់៤ដង ១០០ម៉ែត្រ Surface និង បណ្តាក់៤ដង ២០០ម៉ែត្រ Surface។
វិញ្ញាសាសរុបចំនួន១២ ដែលកម្ពុជានឹងចូលរួមប្រកួតនេះ ដូចជា វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១ ៥០០ម៉ែត្រ Surface (បុរស), បណ្តាក់៤ដង១០០ម៉ែត្រ Surface (បុរស-នារី), បណ្តាក់៤ដង ២០០ម៉ែត្រ Surface (បុរស-នារី) និងបណ្តាក់៤ដងចម្រុះ ១០០ម៉ែត្រ Bi-fin។
លោក សុខ សារ៉េត ប្រធានក្លិបហែលទឹកក្រសួងព័ត៌ បានដាក់ក្តីសង្ឃឹមថា កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ នឹងធ្វើបានល្អប្រសើរ បើទោះបីជាហែលជើងទានេះ ជាវិញ្ញាសាថ្មី និងទើបនឹងចាប់ផ្តើមហ្វឹកហាត់ក៏ដោយ។ លោកបន្ថែមថា កីឡាករ លឹម សុខវឌ្ឍន៍នន្ទ មានអាយុវ័យក្មេងជាងគេ ទើបមានអាយុ១៥ឆ្នាំប៉ុណ្ណោះ ដោយត្រូវមើលការខិតខំប្រឹងប្រែង និងលទ្ធផល នៅស៊ីហ្គេម វៀតណាម ជាមុនសិន។ ប្រសិនបើ លឹម សុខវឌ្ឍន៍នន្ទ ធ្វើបានល្អ នោះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ សម្រាប់គោលដៅការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង នៅព្រះរាជាណាចក្រកម្ពុជា ៕