ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ជូនដល់មន្ត្រីជួរមុខបន្តទៀត និងបន្តលើកទឹកចិត្តឱ្យមានការធ្វើតេស្តរហ័ស ដើម្បីរកជំងឺកូវីដ១៩។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចេញផ្សាយនៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “យើងកំពុងពិនិត្យលទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទី៥ សម្រាប់មន្ត្រីជួរមុខបន្តទៀត ដោយមិនមានប្រការណាមួយខ្វះ វ៉ាក់សាំងនោះទេ។ ប៉ុន្តែ ខ្ញុំអំពាវនា វចង់បានបំផុតគឺការទទួលយកវ៉ាក់សាំងនូវដូសទី៣ តែម្តងចំពោះពលរដ្ឋជាង៦លាននាក់”។ បើទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀត ចំពោះការចាក់វ៉ាក់សាំងដូសទី៣នេះក្តី សម្តេចតេជោបានអះអាងថា ការទទួលវ៉ាក់សាំងដូសទី៣ ដោយស្ម័គ្រចិត្ត ហើយគ្មានការដាក់ទណ្ឌកម្ម ឬផាកពិន័យនោះទេតែនេះជាបញ្ហាសុខុមាលសម្រាប់បងប្អូនម្នាក់ៗ តែវាអាចចាត់ទុកថា កាតព្វកិច្ចខាងផ្នែកសុខភាពរបស់យើងតម្រូវឱ្យចាក់ដូសទី៣ដើម្បីរក្សាភាពធននូវសុខភាពរបស់យើង និងការចូលរួមចំណែករបស់បងប្អូនក្នុងការការពារជំងឺកូវីដ១៩។
ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកទឹកចិត្តឱ្យមានការបន្តធ្វើតេស្តរហ័សស្វែងរកជំងឺកូវីដ១៩ ដោយក្នុងករណីមានការសង្ស័យត្រូវចាក់ខ្លួននៅដាច់ដោយឡែក ហើយធ្វើការព្យាបាល។ សម្តេចតេជោបានសង្កត់ធ្ងន់ថា “យើងបន្តលើកទឹកចិត្តឱ្យធ្វើការងារនេះបន្តទៀត ពីព្រោះថាបន្ទាប់ពី ការដាក់ចេញកាតព្វកិច្ចការពាក់ម៉ាសគឺយើងត្រូវតាមដានឱ្យដិតដល់លើចំណុចទាំងឡាយដែលវាអាចឆ្លងកើតឡើង ហើយរាជរដ្ឋាភិបាលប្រកាន់យកអភិក្រមគ្រប់គ្រងតាមរយៈការពាក់ម៉ាសឡើងវិញនៅទូទាំងប្រទេស ឬមួយផ្នែក”។ សម្តេចតេជោបន្ដថា តាមរយៈការលើកលែងការពាក់ម៉ាសប្រជាពលរដ្ឋក៏ត្រូវពិនិត្យដោយខ្លួនឯងដោយធ្វើតេស្តរុករកជំងឺកូវីដ១៩ ហើយពិសេសផ្នែកសុខាភិបាលត្រូវតែតាមដានបញ្ហាទាំងអស់នេះ។
សម្តេចតេជោក៏បានជំរុញឱ្យវិស័យសុខាភិបាលត្រូវធ្វើការតាមដាននិងត្រៀមឆ្លើយតបជាមួយបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុ ព្រោះនៅលើពិភពលោកមិនទាន់អស់នៅឡើយទេកូវីដ១៩។ ទន្ទឹមនេះ យោងតាមអង្គការសុខាភាពពិភលោកបានប្រកាសរកឃើញជំងឺកូវីដ៣ ប្រភេទផ្សេងទៀត ដែលបើវាកាចសាហាវ នោះរាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការផ្សេងទៀត ឬធ្វើអ្វី ដើម្បីទាមទារការពារសុខភាពបងប្អូនប្រជាពលរដ្ឋ។ សម្ដេចតេជោក៏បានណែនាំឱ្យក្រសួងសុខាភិបាលត្រូវតាមដានឱ្យបានហ្មត់ចត់និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័សដើម្បីឆ្លើយតបនូវអ្វីដែលកើតឡើងចំពោះការដកការពាក់ម៉ាសចេញ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានពន្យល់ថា ការដកម៉ាសចេញ និងបង្កើតការសប្បាយរបស់ប្រជាពលរដ្ឋ ហើយក៏ចូលរួមការសន្សំសំចៃថវិកា ដោយបង្វិលមកការទិញម្ហូបអាហារ សម្លៀកបំពាក់ឱ្យកូនចៅ និងទុកសន្សំ ប្រាក់ដើម្បី ប្រើគោលដៅផ្សេង។
សម្ដេចតេជោបានថ្លែងបញ្ជាក់បន្ថែមថា “ប៉ុន្តែខ្ញុំនៅតែនិយាយដើម្បីឱ្យសហគមន៍រឹងមាំគឺចាក់វ៉ាក់សាំងដូសទី៣ ហើយបើចង់ចាក់ដូសទី៤គឺយើងចាក់ជូន និងត្រៀមបម្រុងសម្រាប់ដូសទី៥ ជូនដល់មន្ត្រីជួរមុខ”៕