មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អត្រាអ្នកចាក់វ៉ាក់សាំងមានការកើនឡើង បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបន្ថែមទៀត ដើម្បីជួយសម្រួលដល់ប្រជាពលដ្ឋ បានទៅចាក់វ៉ាក់សំាងគ្រប់ៗគ្នា។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ប្រសិនបើវ៉ាក់សំាងនេះ ពុំបានស្រោចស្រពឱ្យបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋទេនោះ នឹងធ្វើឱ្យកងការពារនៅក្នុងសរីរាង្គរបស់បុគ្គល មានការ ធ្លាក់ចុះ។
ដូច្នោះក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានណែនាំឱ្យក្រុមគ្រូពេទ្យរាជធានីខេត្ត ពង្រាយកម្លាំងបន្ថែមទៀត ទៅកាន់បណ្តាខេត្តនានា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរកន្លងទៅ ថ្មីៗនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព អាចទទួលយកវ៉ាក់សាំង។ មិនតែប៉ុណ្ណោះក្រសួង ក៏បានធ្វើយុទ្ធនាការពេញលេញ ដែលផ្ដោតសំខាន់ទៅលើគោលដៅធំៗ ដែលគោលដៅទី១ គឺកម្មករ កម្មការិនីនៅតាមរោងចក្រ ទី២គឺនៅតាមទីប្រជុំជនផ្សារធំៗ និងគោលដៅទី៣ នាពេលបច្ចុប្បន្ននេះ គឺនៅតាមសាលារៀន ដោយសារចំនួនសិស្សានុសិស្ស ដែលមានអាយុចាប់ពី៦ឆ្នាំទៅក្រោម១២ឆ្នាំនៅមានចំនួនទាប។
លោកជំទាវ បញ្ជាក់ថា បន្ទាប់ពីអនុវត្តតាមការណែនាំ ពីប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានអត្រា កើនឡើង រួមទាំងក្រុមគ្រូពេទ្យ បានបង្ខិតការចាក់នេះឱ្យកាន់តែកៀក ឬដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដងផងដែរ។
« ក្រោយពីយើងបានធ្វើយុទ្ធនាការ ដោយប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យកងទ័ព កម្លាំងយុវជនស្ម័គ្រចិត្ត ដែលកំពុង ប្រតិបត្តិការ នៅតាមបណ្ដាខេត្ត ដែលយើងបានបញ្ជូនទៅយើងសង្កេតឃើញថា ចំនួនអ្នកដែលទទួលយកវ៉ាក់សាំងកូវីដ១៩ គឺមានការកើនឡើងច្រើន ដោយជាមធ្យមមុននឹងយើងដាក់ចេញយុទ្ធនាការនេះ យើងចាក់ដូសជំរុញបានប្រហែលពីចន្លោះ ៥ពាន់ទៅ៧ពាន់នាក់ប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោយពីយើងដាក់ចេញនូវយុទ្ធនាការនេះមក ឥឡូវចំនួននេះ គឺមានការ ហក់ឡើង រហូតទៅដល់៣ទៅ៤ដងឯណោះ រហូតដល់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ។ អ៊ីចឹងនេះគឺជាចំនួនមួយដែល មានការ ស្ទុះឡើងច្រើន ។»
លោកជំទាវបន្ថែមទៀតថា ទោះបីជាចំនួនអ្នកចាក់វ៉ាក់សាំងមានការកើនក៏ពិតមែន ប៉ុន្តែតាមការ សង្កេតក៏នៅមានប្រជាពលរដ្ឋ មួយចំនួនទៀត ដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញទី៣ឬទី៤ នៅតែមានចំនួន តិចនៅឡើយ។
ដូចនេះលោកជំទាវ អំពាវនាវអ្នកដែល ត្រូវចាក់ដូសជំរុញទី៣ ឬទី៤ រូសរាន់ទៅចាក់ នៅតាមទីតាំងដែលនៅជិតលំនៅឋានរបស់ខ្លួន ដើម្បីការពារនូវការចម្លងជំងឺ កូវីដ១៩។
គួរជម្រាបថា ក្នុងឱកាសទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ចំនួន ១,០៥៦,០០០ដូស ដែលជាជំនួយរបស់ រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោក៏បានជំរុញអ្នកដែលមិនទាន់បានចាក់ដូសទី៣ ប្រញាប់ទៅចាក់ឲ្យបាននៅគ្រប់កន្លែង មិនថាចាក់ដូសទី២នៅកន្លែងណានោះទេ ប៉ុន្តែអាចចាក់ដូសទី៣ នៅកន្លែងដែលងាយស្រួល សម្រាប់ខ្លួន។
សម្តេចបន្ថែមថាការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីបង្កើតភាពសុំាក្នុងសហគមន៍កាន់តែរឹងមាំ ខណៈនៅថ្ងៃនេះ កម្ពុជា មានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបបំផុត ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំ គឺនៅក្រោម២០នាក់រហូតមក៕