ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងបើកឱ្យប្រជាពល រដ្ឋជិះដោយឥតគិតថ្លៃក្នុងរយ:ពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងប្រើប្រាស់ផ្លូវនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូង នៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រោយពីបើកឱ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃក្នុងរយ:ពេលមួយខែ ផ្លូវនេះនឹងត្រូវបង់ថ្លៃសេវាតម្លៃ២៤ដុល្លារសម្រាប់រថយន្តទេសចរណ៍លក្ខណៈគ្រួសារសម្រាប់ការធ្វើដំណើរទៅមក។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបង់ថ្លៃសេវា លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចែកជា៥តាមប្រភេទរថយន្តទៅតាមការកំណត់របស់ក្រសួងនិងក្រុមហ៊ុនដែលបានកំណត់។
ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រុមហ៊ុនអនុញ្ញាតដាក់ឱ្យប្រើប្រាស់មួយខែ ដើម្បីប្រជាពលរដ្ឋស្គាល់ផ្លូវល្បឿនលឿននេះ។ ទី២ លុយដែលបង់ធម្មតាស្រុកគេបង់១០សេនក្នុងមួយគីឡូម៉ែត្រ បើ១០សេនវាជិត១៨ទៅ១៩ដុល្លារហើយស្រុកគេ ប៉ុន្តែឥឡូវគាត់ចុះឱ្យក្នុងឆ្នាំទីមួយ ១២ដុល្លារ ថោកជាងប្រទេសដទៃទៀតប្រហែល៧សេន ទៅ១២ដុល្លារមក១២ដុល្លារ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដោយ ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕