ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តប្រឹងប្រែងបំពេញការងារតាមជំនាញឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើការផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋឱ្យកាន់តែល្អនិងប្រកបដោយគុណភាព។
ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍វិទ្យុFM ជាតិនគរភ្នំ ខេត្តសៀមរាប ស្ថិតនៅទីតាំង បុរីរដ្ឋបាលបាគង ស្រុកបាគង ខេត្តសៀមរាប ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលថ្នាក់ ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌ មាន ខេត្តសៀមរាប សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញលើកទឹក ចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ នៃមន្ទីរព័ត៌មាន ត្រូវបន្តប្រឹងប្រែងបំពេញការងារតាមជំនាញបានកាន់តែល្អប្រសើរបន្ថែមទៀត ហើយត្រូវមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័ន មន្ទីរជុំវិញខេត្ត ពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រេចកិច្ចការងារថ្មីបន្តទៅមុខទៀត។ តាមការបញ្ជាក់របស់ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប បានលើកឡើងពីដំណើរការផ្សាយរបស់វិទ្យុFM ជាតិនគរភ្នំ មានកម្លាំងការផ្សាយ ៥ គីឡូវ៉ាត់ ដោយធ្វើការផ្សាយក្នុង ១ ថ្ងៃ ១៧ ម៉ោង រៀងរាល់ថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប បានគោរពស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី ពិនិត្យលទ្ធភាព ក្នុងការជួសជុល ម៉ាស៊ីនផ្សាយវិទ្យុចាស់ ១ គ្រឿង ដែលមានអាយុកាល ១១ ឆ្នាំមកហើយ ដើម្បីទុកប្រើប្រាស់បន្ត ឬផ្ទេរទៅខេត្តផ្សេង បើសិនជាអាចជួសជុលប្រើប្រាស់ឡើងវិញបាន។
ពាក់ពន្ធ័បញ្ហានេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នឹងឱ្យក្រុមការងារបច្ចេកទេស ម៉ាស៊ីនផ្សាយវិទ្យុ ធ្វើការពិនិត្យ ដើម្បីជួសជុលឡើងវិញ ដើម្បីធានាឱ្យការផ្សាយមានគុណភាពល្អ ច្បាស់ជូន ប្រជាពលរដ្ឋនៅមូលដ្ឋាននៃខេត្តសៀមរាប៕