កំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយស្រុកកងមាស និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ បានអញ្ចើញ ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកកងមាស ខេត្តកំពង់ចាម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន នៃឃុំទាំង១១ ក្នុងស្រុកកងមាស ដែលសម្រេចបានលទ្ធផល និងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ជោគជ័យដែលសម្រេចបានកន្លងទៅនេះគឺបានមកពីការរួមកម្លាំងសាមគ្គីគ្នា ទាំងប្រធានគណបក្សប្រជាជនខេត្ត ក៏ដូចជាប្រធានគណបក្សប្រជាជនស្រុក និងឃុំ- ភូមិ ដែលបានចុះជាប់ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកាតព្វកិច្ចរបស់រដ្ឋ និងមានក្រុមការងារគ្រប់រូបចុះជួយបន្ថែម ផ្ដល់ជាគំនិត ថវិកា និងមធ្យោបាយផ្សេងៗ ដើម្បីសម្រេចបានលទ្ធផលជោគជ័យទាំងនោះ ។
ជាមួយគ្នានោះដែរ ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់គំនិតយោបល់ខ្លះៗសម្រាប់បេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីទទួលបានជ័យជំនះ ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា តួអង្គសំខាន់ ចំនួន៤ ដែលនាំឱ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះ រួមមាន ៖
តួរអង្គ *ទី១ ៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។
តួរអង្គ*ទី២ ៖ គឺប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ ។
តួរអង្គ*ទី៣ ៖ គឺនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ ឬខិតខំបំពេញការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ១២ចំនុច ។
តួរអង្គ*ទី៤ ៖ គឺក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់ គឺជាតួអង្គសំខាន់បំផុតជាអ្នកផ្ដល់គំនិត និងគោលការណ៍ សម្រាប់ការអនុវត្តនៅក្នុងមូលដ្ឋាន ជាពិសេសការឧបត្ថម្ភសម្ភារៈថវិកា មធ្យោបាយ ដល់ក្រុមការងារមូលដ្ឋាន ដើម្បីអនុវត្តការងារ ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ៕