កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍ និងជីវភាពរបស់ប្រជាជនក្នុងខេត្តកំពង់ចាម ។ នេះជាការលើកឡើងរបស់លោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ក្នុងពេលចូលរួម ពិធីបុណ្យឆ្លងសាលាធម្មសភា និងសមិទ្ធផលនានានៅវត្តត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើង ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ មានស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានាពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ។ ដែលសមិទ្ធផលទាំងនោះហើយបាននឹងកំពុង ជួយដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តើមចេញពីកត្តានេះធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនា និងមានឱកាសចូលរួមបរិច្ចាកនូវ
ធនធានផ្ទាល់ខ្លួនចូលរួមកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យមានការរីកចំរើន ស្របតាមការអភិវឌ្ឍន៍នៃសង្គមជាតិផងដែរ។ រដ្ឋធម្មនុញ្ញបានតម្កល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមជាមួយនឹងការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ជូនប្រជាពលរដ្ឋគ្រប់រូប ដែលនាពេល
បច្ចុប្បន្ននេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋចំនួន៩៧.៦% កំពុងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ហើយខេត្តមាន ៣៧៨វត្ត (ធម្មយុត្តិ ១២វត្ត) និងមានព្រះសង្ឃសរុប ៥,៨០១អង្គ (ធម្មយុត្តិ ១៦៤អង្គ)។ ដោយឡែកនៅក្នុងស្រុកព្រៃឈរ មានវត្តចំនួន ៥៨វត្ត មានព្រះសង្ឃសរុប ៧៦៩អង្គ (ភិក្ខុចំនួន ១៩៦អង្គ និងសាមណេរ ៥៧៣អង្គ)។
ទន្ទឹមនឹងនេះវិស័យកសិកម្មនៅក្នុងខេត្តកំពង់ចាម ក៏កំពុងមានការប្រែប្រួល តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឱ្យការនាំចេញ ។ យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ ២ទៅ៣ដង ផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រកសិកម្ម។បច្ចុប្បន្នការវិនិយោគលើវិស័យកសិកម្ម កំពុងមានសកម្មភាពយ៉ាងសកម្មពីសំណាក់វិស័យឯកជន ជាពិសេសដំណាំស្រូវ កៅស៊ូ ចេក ជាដើម ។
ចំពោះបណ្តាញអគ្គិសនី បានតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់ ចំនួន ៩១៤ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៩.០២% ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២០១,៣៣៧ខ្នងផ្ទះ ។ ចំណែកវិស័យទឹកស្អាត ក្នុងខេត្តកំពង់ចាម មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ឃុំ លើ១០៩ ឃុំ-សង្កាត់ ស្មើនឹង ៩៨.១៦% និងភូមិចំនួន ៨៧០ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៤.២៥% ៕