សៀមរាប ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២—ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ រថក្រោះ រថពាសដែក នៅវរសេនាតូចលេខ៦៩ (ព្រៃខ្នុរ) យោធភូមិភាគទី៤ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សុក រីនណា បានមានប្រសាសន៍ថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនរៀនសូត្រ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងស្មាតី និងយកចំណេះដឹងដែលបានពីកាសិក្សាយកទៅអនុវត្តន៍ និងចែករំលែកចំណេះដឹងទៅដល់មិត្តរួមការងារនៅក្នុងអង្គភាព ឱ្យបានទូលំទូលាយបន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សុក រីនណា បានផ្តាំផ្ញើរដល់ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ នាយទាហាន នាទាហានរង ពលទាហាន និងកម្មសិក្សាការីទាំងអស់ ត្រូវស្មោះត្រង់ ចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសកម្ពុជា និងសូមគាំទ្រយ៉ាងពេញទំហឹងរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញរថក្រោះ រថពាសដែកត្រូវប្រារព្ធពិធីបិទនាពេលនេះមានរយៈពេល ៣ខែ ក្រោយបញ្ចប់វគ្គសិក្ខកាមទទួលបាននិទ្ទេសល្អចំនួន ២៦នាក់ និទ្ទេសបង្គួរចំនួន ២៥នាក់ និងនិទ្ទេសចំនួន ១០នាក់ ៕