ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ ការរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង ប្រកបដោយមោទនភាពនៅក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមផ្តល់លទ្ធភាពជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ផ្ដល់ថវិកាចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិចក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាពលរដ្ឋ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមហ៊ុនជីប ម៉ុង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានគូបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប៉ុន្តែក្រុមហ៊ុន បានជួយឧបត្ថម្ភដល់សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនប៊ុន រ៉ានី ហ៊ុន សែន ជួយដល់វិស័យការពារជាតិ និងជួយដល់វិស័យផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើរួមគ្នា ហើយទទួលបានជោគជ័យរួមគ្នាប្រកបដោយមោទនភាព។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គូសរំលេចថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។ សង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង នឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បន្ទាប់ជួយផ្ដល់លទ្ធភាពដល់សមាគមTYDA ដើម្បីជួយប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម បានបន្តថា ចក្ខុវិស័យចង់ឃើញក្រុមហ៊ុននៅក្នុងស្រុកមានការរីកចម្រើនហើយមានការប្រកួតប្រជែងពង្រីកខ្លួនទៅក្រៅប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលនេះគឺជាមោទនភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា៕