កំពង់ចាម៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មានទីតាំងក្នុងភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៤០នាក់ (ស្រី ២០នាក់) បានចុះអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺ រួមទាំងចែកថ្នាំពេទ្យ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៣៧៨នាក់ (ស្រី ២៤០នាក់) ដឹកនាំព្យាបាលដោយ ឯកឧត្តម លេង ផាលី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត ជឹម គឹមស្រួន អនុប្រធានប្រតិបត្តិ លោកវេជ្ជបណ្ឌិត លុយ សែន អនុប្រធាន សហការជាមួយ លោក ខាត់ សុខន អនុប្រធានថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ រួមជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាឃុំ និងស្រុកផងដែរ។
តាមអភិបាលស្រុកជើងព្រៃ លោក អូត ឈាងលី បានឲ្យដឹងថា ជានិច្ចកាល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងទទួលបាននូវការស្វាគមន៍ គោរពស្រលាញ់រាប់អាន មានការគាំទ្រ ផ្តល់ជំនឿទុកចិត្តខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ ក្នុងការបំពេញបេសកកម្ម ការងារជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងការពិនិត្យព្យាបាលជំងឺ រួមទាំងចែកថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសម្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខមាលភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕