ភ្នំពេញថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ –
វិមានអេលីហ្សេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន និងសមភាគីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានពិភាក្សាគ្នាតាមទូរសព្ទថា ប្រធានាធិបតីទាំងពីរបានផ្តោតសំខាន់ទៅលើការរំពឹងទុកនៃកិច្ចចរចាក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេលវែង។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាទៅលើការរំពឹងទុកសម្រាប់កិច្ចពិភាក្សាដែលមានន័យដល់ការធានាឱ្យមានការដោះស្រាយជម្លោះយូរអង្វែង និងការស្ដារឡើងវិញនូវបញ្ហាសន្តិសុខនៅអឺរ៉ុប។
វិមានអេលីហ្សេបាននិយាយថា «នៅក្នុងបរិបទនេះ ប្រធានាធិបតីបារាំងបានរំលឹកពីការប្តេជ្ញាចិត្តរបស់លោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងឆន្ទៈរបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងដែលបញ្ជាក់ពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន»៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)