កំពង់ចាម៖ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានរំពឹងទុកថា ក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ និងខិតខំប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ ជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃឹម សិរីវង្ស បានលើកឡើងដូច្នោះនៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ ខណ:ពេលដែល ឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ ។
ឯកឧត្តម ឃឹម សិរីវង្ស បានមានប្រសាសន៍ទៀតថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់លើកនេះ ការចូលរួមរបស់សមាជិក សមាជិកា គណៈកម្មការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកព្រៃឈរ នឹងបង្ហាញអំពីលទ្ធផលនៃភាពឈ្នះ ពីការគាំទ្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញអំពីកម្រិតលទ្ធផល ដែលទទួលបានពីបណ្តាឃុំ សង្កាត់ នូវជំនឿជឿជាក់ របស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្មារតីស្រឡាញ់និងគោរព និងជឿទុកចិត្តលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ។
ដូនគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ណែនាំបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះ ប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ។
រីឯនាយ នាយរងប៉ុស្តិ៍ និងមន្ត្រី ត្រូវខិតខំបំពេញការងារ កិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ១២ចំនុច ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ៕