ការប្រកួតកីឡាបាល់បោះ ពានរង្វាន់វិទ្យាស្ថាន ខេមអេដ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍នេះ ដោយផលិតបានធនធានជើង ឯកប្រចាំរដូវកាល ២០២២ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និង កីឡា។
ជ័យលាភីពានរង្វាន់បាល់បោះនារីនេះ គឺក្រុមជើងឯកបានទៅលើក្រុម Legendsក្រោយពីបានយកឈ្នះក្រុម Possible ដោយលទ្ធផលពិន្ទុ ១៣ទល់៨ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Premium Sports Club រាជធានីភ្នំពេញ។ ក្រុមនារី Legends ដែលគ្រងម្ចាស់ដំណែងជើងឯកនេះ ទទួលបានមេដាយមាស ពានរង្វាន់១ បន្ទាប់ពីខិតខំប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព នៅក្នុង១ប្រកួតចុងក្រោយដ៏សំខាន់នេះ។ ចំណែកឯក្រុម Wildcats ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះក្រុម Cam Ed Maverick ក្នុងលទ្ធផលពិន្ទុ ៦ទល់៥។ ចំពោះម្ចាស់ជ័យលាភីឯកត្តជនស៊ុតបាល់បានច្រើនជាងគេបានទៅលើកីឡាការិនី ម៉ៅ ម៉ូលីដា។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ គូសបញ្ជាក់ថា លោកសង្កេតឃើញថា ការប្រកួតបាល់បោះបារីនេះ មានគុណភាពល្អជាងឆ្នាំមុនៗ ដោយសារកីឡាការិនីបាល់បោះក្រុមជ័យលាភីមានបទពិសោធន៍ក្នុងការប្រកួត និងបានហាត់ត្រៀមមុនការប្រកួតបានល្អ ។ លោកពិតជារីករាយណាស់ ដែលក្រុមនិស្សិតវិទ្យាស្ថាន ខេមអេដ តែងតែស្រឡាញ់ និងចូលរួមលេងកីឡា ក្រៅពីការសិស្សាលើជំនាញរបស់ខ្លួន នៅវិទ្យាស្ថាន ខេមអេដ។ តាមរយៈការប្រឹងប្រែងប្រកួតកីឡានេះ លោកបន្ថែមថា ក្រុមកីឡាការិនីបាល់បោះ នឹងត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ខេស៊ី បាណេត បន្ថែមទៀតថា ក្រុមកីឡាបាល់បោះនារី វិទ្យាស្ថាន ខេមអេដ គឺជាអតីតម្ចាស់មេដាយមាស ការប្រកួតសាកលវិទ្យាល័យថ្នាក់ជាតិ ២០១៩ ហើយនៅឆ្នាំ២០២២នេះ លោកដាក់ក្តីសង្ឃឹមខ្ពស់ដូចគ្នាផងដែរ ក្នុងការត្រៀមចូលរួមប្រកួតប្រជែងការពារម្ចាស់ដំណែងជើងឯកជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នេះ បានខកខាន២ឆ្នាំកន្លងមក។
កីឡាការិនី អ៊ៀរ ស៊ីមួរ មកពីក្រុម Wildcats បានលើកឡើងថា ខ្លួនពិតជារីករាយជាខ្លាំង ដែលវិទ្យាស្ថានខេមអេដ តែងតែបង្កើតព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ ដែលធ្វើឱ្យនិស្សិតនានាបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសការប្រកួតនេះ បានជួយឱ្យខ្លួនបានពង្រឹងស្មារតី និងទំនុកចិត្តខ្លួនឯងកាន់តែរឹងមាំ។ «ខ្ញុំនឹងព្យាយាមហ្វឹកហាត់ និងប្តេជ្ញាចូលរួមប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ ដើម្បីប្រជែងមេដាយ ជូនវិទ្យាស្ថាន ខេមអេដ» ៕