សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា ដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។
មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាព គុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ៕