ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានជំរុញឱ្យស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុលបំផុត ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC រួមជាមួយថ្នាក់ដឹកនាំគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC ផងដែរ។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា ការអញ្ជើញគ្រប់តំណាងស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនឱ្យចូលរួមថ្ងៃនេះ គឺដើម្បីកន្ដ្រាក់អារម្មណ៍អ្នកសារព័ត៌មាន ពិសេសពិធីករ-ពិធីការិនី និងអ្នកសារព័ត៌មានកីឡា ឱ្យបានដឹងអំពីសារៈសំខាន់ នៃការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីផ្គុំកម្លាំងគ្នាធ្វើការផ្សព្វផ្សាយអំពីប្រភេទកីឡារបស់កម្ពុជា ពិសេសបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ និងត្រៀមធ្វើម្ចាស់ផ្ទះទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាយើងបានរង់ចាំអស់ ៦៤ឆ្នាំ។ អ៊ីចឹង មានន័យថា ជាព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំជីវិត ព្រោះ៦៤ឆ្នាំ យើងទើបធ្វើម្ចាស់ផ្ទះបានម្ដងនេះ។ អាចថា មួយជីវិតយើងបានស្គាល់តែម្ដងប៉ុណ្ណោះនៅស្រុកខ្មែរយើង។ អ៊ីចឹងវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រប្រចាំជីវិតរបស់យើង។ យើងត្រូវនាំគ្នាធ្វើឱ្យបានល្អបំផុត”។
ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានល្អ និងផុសផុលបំផុត ព្រោះបើការផ្សព្វផ្សាយល្អ ក៏ទទួលបានជោគជ័យល្អ តែបើអត់មានការផ្សព្វផ្សាយទេ គឺជោគជ័យបានត្រឹម ៥០ភាគរយ ប៉ុណ្ណោះ។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងអំពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយក្នុងនាមប្រទេសស្ថាបនិកព្រឹត្តិការណ៍ស៊ីហ្គេម តាំងពីឆ្នាំ១៩៥៩ នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ហើយមានប្រតិភូ និងអត្តពលិកយ៉ាងហោច ៧ ០០០នាក់ នឹងមកចូលរួមប្រកួត។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងភាគីជំនាញ ភាគីពាក់ព័ន្ធ រហូតដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ក្នុងនោះវិស័យព័ត៌មាន ក៏ត្រូវដើរតួយ៉ាងសំខាន់ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ជាមួយគ្នានេះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងពីគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ពិសេសពិធីករ-ពិធីការិនី និងអ្នកសារព័ត៌មានកីឡា ដើម្បីបានឈ្វេងយល់កាន់តែច្បាស់អំពីប្រភេទកីឡានីមួយៗ ហើយធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងន័យលើកកម្ពស់កីឡាករ-កីឡាការិនី និងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣ ខាងមុខ៕