ឯកឧត្តម Thierry MARIANI សមាជិកសភាអឺរ៉ុបរបស់បារាំង បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យលើកទឹកចិត្តកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាជាងអនុវត្តគោលនយោបាយស្តង់ដារពីរ ប្រឆាំងនឹងកម្ពុជា។
នៅក្នុងបទអន្តរាគមន៍ស្តីពីកម្ពុជា នៅសភាអឺរ៉ុប កាលពីសប្តាហ៍មុន ឯកឧត្តម Thierry MARIANI បានមានប្រសាសន៍ថា កម្ពុជាមានទំនាក់ទំនងពិសេសជាមួយទ្វីបអឺរ៉ុប ហើយជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរក្សាទំនាក់ទំនងក្នុងវិស័យជាច្រើន ជាពិសេសជាមួយបារាំង។ ដូច្នេះ វាជារឿងធម្មតាទេដែលសហភាពអឺរ៉ុបត្រូវមានទំនាក់ទំនងល្អជាមួយកម្ពុជា ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្តបដិសេធក្នុងការរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈដែលបង្កើតឱ្យមានស្តង់ដារពីរជាថ្មីម្តងទៀត។
ឯកឧត្តមសមាជិកសភាអឺរ៉ុបរបស់បារាំង បានគូសបញ្ជាក់៖ “នៅវៀតណាម ដែលជាប្រទេសជិតខាង យើងជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះមិនមែនជាបញ្ហាទេ។ នៅទីនោះ សិទ្ធិជាមូលដ្ឋានមិនសូវរីកចម្រើនដូចនៅកម្ពុជាទេ ហើយខ្ញុំក៏មិនហ៊ាននិយាយអំពីលក្ខខណ្ឌនៃការបោះឆ្នោតដែរ។ ប៉ុន្តែ នៅកម្ពុជា យើងបែរជាដាក់ទណ្ឌកម្ម ខណៈនៅវៀតណាម យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាថ្មីម្តងទៀត នេះជាស្តង់ដារពីរ” ។
ឯកឧត្តមបានបន្តថា ជាការពិតណាស់ កម្ពុជាជាឧទាហរណ៍ល្អមួយ ដែលបង្ហាញពីការអនុវត្តស្តង់ដារពីររបស់សហភាពអឺរ៉ុបក្នុងបញ្ហានេះ។ គេអាចឆ្ងល់ថា ផ្នែកមួយនៃក្រុមឆ្វេងនិយម នៃសភាអឺរ៉ុប មិនបានព្យាយាមកាត់ផ្តាច់ចំណងមិត្តភាពពីអតីតកាលជាមួយខ្មែរក្រហមទេ ដោយបន្តវាយប្រហារកម្ពុជា។ កម្ពុជាមានបញ្ហាប្រឈមជាច្រើននៅចំពោះមុខ ជាពិសេសការធ្វើឱ្យទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងគណបក្សប្រឆាំងមានភាពប្រក្រតី។ ការដាក់ទណ្ឌកម្មលើសលប់ (លើកម្ពុជា) មិនមែនមានន័យថា សហភាពអឺរ៉ុបគាំទ្រដល់ដំណើរការនេះទេ (ប្រក្រតីភាពនៃទំនាក់ទំនងរាជរដ្ឋាភិបាល និងបក្សប្រឆាំង)»។
ឯកឧត្តម Thierry MARIANI បានបញ្ជាក់បន្ថែមថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមែនល្អឥតខ្ចោះនោះទេ ប៉ុន្តែកំណែទម្រង់គឺកំពុងបន្តនៅលើផ្លូវត្រូវ។ យើងគួរព្យាយាមលើកទឹកចិត្តកម្ពុជា ជាជាងការស្តីបន្ទោស ហើយអនុវត្តគោលនយោបាយស្តង់ដារពីរ នៅក្នុងតំបន់នេះ និងកន្លែងផ្សេងទៀត»៕