ដំណាំមង្ឃុតស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងចាប់ផ្ដើមប្រមូលផលនិងមានរសជាតិផ្អែមឆ្ងាញ់ ខណៈដំណាំនេះ ទទួលបានការគាំទ្រច្រើនពីអតិថិជន និងមានតម្លៃសមរម្យ។
លោកស្រី ខៀវ សុខេន ប្រជាកសិករដាំ ដំណាំមង្ឃុត ដែលរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែមង្ឃុតនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្ត ផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។
លោកស្រីបន្ថែមថា ផ្លែមង្ឃុតស្រុកមេមត់នេះ វាគឺជាប្រភេទដាំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព រាងកាយមនុស្ស ។
អ្នកជំនាញសុខភាពបានឱ្យដឹងថា ផ្លែមង្ឃុតបានជួយ ទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមនឹងជំងឺធាត់ និងលើសទម្ងន់ ជួយជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញ រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ គ្រុនក្តៅ និង ផ្តាសាយធម្មតាជាដើម បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជំងឺគាំងបេះដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ត្រង់ទ្រូងជាដើម ។
កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជំងឺឆ្លងផ្សេងៗទៀត ប្រឆាំងបាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឱ្យប្រព័ន្ធភាពសុំាក្នុងរាងកាយខ្លាំងក្លា ជំរុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារពីការកើតជំងឺមហារីក និងជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិងបេះដូង ប្រឆាំងនឹងជំងឺដាច់សរសៃឈាម ការពារមិនឱ្យលើសសម្ពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម ជំនួយដល់សុខភាពឆ្អឹង ដែលជួយប្រឆំាងនឹងការ រលាកសន្លាក់ (ពិសា ២ទៅ ៣ ផ្លែក្នុងមួយថ្ងៃ) ជំនួយដល់ប្រព័ន្ធចងចាំ ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ជំនួយដល់សុខភាពស្បែក ធ្មេញ មិនឱ្យឆាប់ចាស់ រួមទាំងជួយថែរក្សាស្បែកដូចជា ការពារពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។
លោកស្រីបានបន្ថែមថា សម្រាប់ផ្លែមង្ឃុតដែលលោកស្រីកំពុងប្រមូលផលគឺជាពូជមង្ឃុតដំណើប ដោយត្រូវប្រើរយៈពេលដាំយូរ ប៉ុន្តែគេអាចធ្វើការថែទាំដោយមើលទៅលើធាង ប្រសិនបើវាបែកមែក៣២មែក គឺវាចេញផ្កាចន្លោះពី៧ឆ្នាំទៅ៨ឆ្នាំ ទើបអាចប្រមូល ផលបាន ហើយក្នុងមួយដើមគឺយើងអាចប្រមូលផលបាន ពី២០០គីឡូក្រាម ទៅ ៣០០គីឡូក្រាមក្នុងមួយរដូវ។
លោកស្រីបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំអស់ដែលកសិករខ្មែរយើងដាំ ជាពិសេសនៅ ក្នុងស្រុកមេមត់ផ្ទាល់ ពីព្រោះបន្លែ ផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្អែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឲ្យប៉ះពាល់ សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ ។
សំឡេង ៖ “សំណូមពរឱ្យបងប្អូនយើងនៅទូទាំងប្រទេសសូមជួយគាំទ្រផ្លែឈើខ្មែរយើងផង ព្រោះដល់រដូវនឹងដល់ហើយ តិចទៀតដល់ខែទុរេន សាវម៉ៅ ឥឡូវនឹងដល់មង្ឃុតមុនគេ ហើយសូមបងប្អូនជួយទិញផ្លែឈើខ្មែរ ក្នុងស្រុកមេមត់ផង ហូបឆ្ងាញ់ណាស់ ហើយបងប្អូនដែលធ្វើដំណើរទៅមណ្ឌលគិរី រតនះគិរី កំភ្លេចផ្លែឈើស្រុកមេមត់។
សូមបញ្ជាក់ថា លោកស្រីបានចាប់យកការធ្វើកសិកម្មដាំផ្លែមង្ឃុតនេះ អស់រយៈពេលជិត២០ឆ្នាំមកហើយ លើផ្ទៃដី១ហិកតា ដែលលក់ក្នុងតម្លៃបោះដុំ១គីឡូក្រាម១០០០០រៀល និងលក់រាយ១២០០០រៀល ៕