ខេត្តកណ្ដាល៖ ផ្លូវបេតុងអាមេប្រវែង ១២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ និងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម ឈុន ស៊ីរុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រែកឬស្សី និង ឯកឧត្ដម ង៉ោ សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ៥០០នាក់។
មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្ដេចបានគ្រប់គ្រងស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា ឱ្យមានភាពធូរស្បើយ និងបានខិតខំស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយច្រើន គិតត្រឹមថ្ងៃនេះគឺមិនមានអ្នកឆ្លងជំងឺកូវីដ-19 ឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍទើបយើងទាំងអស់គ្នា ទទួលបានផ្លូវបេតុងនេះ ដែលជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធផលច្រើនទៀត នៅក្នុងក្រុងតាខ្មៅ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ហើយផ្លូវនេះគឺមានសារៈសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាបរហ័សផងដែរ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិន ដោយឆ្លងកាត់សង្គ្រាមជាច្រើន ហើយបច្ចុប្បន្ននេះពួកយើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងខ្លាំងខ្លា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះចូរពួកយើងទាំងអស់គ្នារួមគ្នាថែរក្សាការពារសុខសន្តិភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យផងដែរ។