ថ្ងៃពុធទី១១ខែឧសភាឆ្នាំ២០២២
ខេត្តព្រះវិហារ៖តាមប្រភពបានអោយដឹងថា ក្រុមហ៊ុនភីអិនធី(PNT) បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។
ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាង អនាធិបតេយ្យ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលព្រៃឡង់ក្នុងស្រុករវៀង យ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។
ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។
ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។
ចំណែកលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនPNTនោះទេតែទោះជាយ៉ាង
ណាលោកនឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ។
ប្រជាសហគមន៍ដែលស្រឡាញ់ព្រៃឈើនៅក្នុងតំបន់ អំពាវនាវដល់ឯកឧត្តមប្រាក់សុវណ្ណសូមមេត្តាពិនិត្យមើលតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តើរងការបំផ្លាញឬក៏គង់វង្ស ដូច្នេះហើយទើបប្រជាសហគមន៍សូមឱ្យឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារមេត្តាទប់ស្កាត់និងបង្ក្រាបផងទាន៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!