ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ៖ «ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើកត្តា អ្នកដឹកនាំ និងប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋាន» ។ ឯកឧត្ដមបណ្ឌិត ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ផ្លូវក្រាលកៅស៊ូប្រភេទ AC និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៤២ខ្សែ មានប្រវែង ៣១.៩១៧ម៉ែត្រ នៅក្នុងសង្កាត់ទាំង ៤ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ បញ្ជាក់ថា ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើ កត្តា ០២យ៉ាងសំខាន់ គឺ ៖ ទី១.គឺកត្តាអ្នកដឹកនាំ ៖ ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ គឺសំខាន់ណាស់ ពីព្រោះការជ្រើសរើសខុសនោះ នឹងនាំឲ្យមានផលប៉ះពាល់ ដល់សមិទ្ធផលជាតិទាំងមូល ពោលគឺ មិនត្រឹមតែគ្មានការអភិវឌ្ឍបន្ថែមទៀតនោះទេ ប៉ុន្តែ សមិទ្ធផលដែលខិតខំកសាងយ៉ាងលំបាក ដែលមានស្រាប់មកហើយនោះ ក៏អាចនឹងរលាយបាត់បង់ទៅវិញផងដែរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំ ប្រកបដោយធម៌ យុត្តិធម៌ គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ចំពោះ វាសនាអនាគតជាតិ និងប្រជាជន ជាពិសេស ទស្សនវិស័យ នៃការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនរុងរឿង ។ និងទី២.គឺ កត្តាប្រជាពលរដ្ឋ ៖ ដែលចូលរួមនៅក្នុងការថែរក្សាការពារសុខសន្តិភាព ឲ្យបានស្ថិតស្ថេរចៀសវាងជឿតាមការអូសទាញ ទៅក្នុងសកម្មភាពណាមួយ ដែលអាចបំផ្លាញសុខសន្តិភាព ព្រោះថា ដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងរយៈកាលជាង ៤០ឆ្នាំ កន្លង មកនេះ ក៏មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែកមិនអាចខ្វះបាន របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្នុងការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឲ្យទៅសាលារៀន ដើម្បី ឲ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ ស្រឡាញ់សន្តិភាព និងស្មារតីទទួលខុសត្រូវ លើជោគវាសនាខ្លួន ព្រមទាំង ក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈ ការខិតខំបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ តាមតួនាទីរៀងៗខ្លួន ។
ឆ្លៀតក្នុងនាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងយកចិត្តទុកដាក់ និងគិតគូអំពីជីវភាព និងសុខទុក្ខ របស់ប្រជាពលរដ្ឋ ជារៀងរហូតមក ។ ជាមួយនោះ ក៏សូមអរគុណ ចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សប្បុរសជន និងក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ចាម គ្រប់យន្តការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបំរើប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានា ទុកជូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បី ជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ព្រមទាំង ជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅ ប្រកបរបរប្រចាំថ្ងៃ ឲ្យជីវភាពកាន់តែរីកចំរើនឡើងបន្ថែមទៀត ។
ឯកឧត្ដមបណ្ឌិត បានលើកឡើងដែរថា ជាក់ច្បាស់ណាស់ ក្រោយសម័យសង្គ្រាម ពិសេស ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ត្រូវបានផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ។ ក្នុងនោះ រាជរដ្ឋាភិបាល បានខិតខំកសាងឡើងវិញចេញពីបាតដៃទទេ និងបានដាក់ចេញនូវយុទ្ធនានា ដើម្បី ធ្វើការអភិវឌ្ឍប្រទេសជាតិជំហានៗ ក្នុងនោះ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ជាមូលគ្រឹះ ក្នុងការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ផងដែរ ។ ជាមួយនោះ ក្នុងទិសដៅទៅមុខ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាបន្តខិតខំបន្ថែមទៀត ដើម្បី ជម្រុញ និងលើកកម្ពស់ ការស្ដារ ជួសជុលថែទាំ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភាកម្មករ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ជាមួយនឹងសមត្ថភាព ប្រកួតប្រជែងខ្ពស់ ដើម្បី រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែចម្រើន ប្រកបដោយចីរភាព ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ដែលកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ពេលនេះ មាន ៖ ១.ផ្លូវនៅក្នុងសង្កាត់បឹងកុក មានចំនួន ២៥ខ្សែ ប្រវែង ១១.៣៨៨ម៉ែត្រ ក្នុងនោះ ផ្លូវបេតុង ចំនួន ២០ខ្សែ ប្រវែង ៧.១០១ម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ១ខ្សែ ប្រវែង ៨៤០ម៉ៃត្រ និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៤ខ្សែ ប្រវែង ៣.៤៤៧ម៉ែត្រ ។ ២.ផ្លូវនៅក្នុងសង្កាត់សំបួរមាស មានចំនួន ០៨ខ្សែ ប្រវែង១៥.៣៧៥ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ៣ខ្សែ ប្រវែង ៣.៩៨៥ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៦ខ្សែ ប្រវែង ១១.៨២៥ម៉ែត្រ ។ ៣.ផ្លូវនៅសង្កាត់វាលវង់ ចំនួន ០៥ខ្សែ ប្រវែង៣.០៨៦ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ៤ខ្សែ ប្រវែង ២.៩៤១ម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ១៤៨ម៉ែត្រ ប្រវែង ១៥៦ម៉ែត្រ ។ និង៤.ផ្លូវនៅសង្កាត់កំពង់ចាម ចំនួន ០៣ខ្សែ ប្រវែង ១.៤០០ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ។
ឆ្លៀតក្នុងឱកាសនោះដែរ តាំងនាមឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងស្រោចស្រង់អាយុជីវិតជូនប្រជាជន និងការគិតគូរ លើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈ ការអនុវត្តគោលនយោបាយគាំពារសង្គម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បម្រើឲ្យការរីកចម្រើន នៃសង្គមជាតិទាំងមូល ផងដែរ ៕