សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហានិងចប់ចុងចប់ ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានា តាមរយៈទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងតែមួយ។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោមក៏ស្នើសុំការយល់ យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគី ពាក់ព័ន្ធនៅមិនទាន់បាន ដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធីផងដែរ។
សូមបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន៧០គណនី។
ក្រុមការងារបានឆ្លើយតបទៅ ម្ចាស់គណនី និងដោះស្រាយចំនួន៦៧ គណនី និង១១៨គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នដែល មានសមត្ថកិច្ចផងដែរ៕