រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២–
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានថ្លែងចែករំលែកអំពីបទពិសោធន៍ របស់ឯកឧត្តម ក្នុងការដឹកនាំស្ថាប័នយុវជន ដោយឯកឧត្តមបានបញ្ជាក់ថា តួនាទីជាអ្នកដឹកនាំ ត្រូវចេះក្ដាប់ស្ថានការណ៍ និងចេះវាយតម្លៃទាន់ពេលវេលា។
ក្នុងពិធីនោះ យុវជនម្នាក់ បានចោទសួរទៅកាន់ ឯកឧត្តមប្រធានថា ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ? ឆ្លើយតបសំណួរនេះ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ឯកឧត្តមមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ ដឹកនាំយុវជនបានឡើយ ប៉ុន្តែឯកឧត្តមសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ជាក់ស្តែង ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ ខណៈស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងការដោះស្រាយបញ្ហាក៏កាន់តែពិបាក។
ឯកឧត្តម បានបន្តថា ការណ៍នេះហើយ ដែលទាមទារឱ្យយើងម្នាក់ៗ ត្រូវចេះស្គាល់ ក្តាប់ស្ថានការណ៍ វាយតម្លៃស្ថានភាពឱ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឺមគ្នានេះ បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួន សមត្ថភាពនៃការចេះសម្របសម្រួលក៏សំខាន់មិនអាចកាត់បាន ព្រោះថាវាជាមូលដ្ឋានក្នុងឈានដល់ការសម្រេចចិត្តណាមួយ។
ជាក់ស្តែង ជាមួយនឹងបទពិសោធក្នុងការដឹកនាំស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី អាចបញ្ជាក់បានថា សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំសម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈ និងភាពហ្មត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនង នឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង៕