ប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជាចំនួន៩ប្រភេទកីឡាទៀត (ក្រុមទី៤) បានបន្តចេញដំណើរពីមាតុប្រទេស មកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ខណៈពិធីបើកជាផ្លូវការនឹងចាប់ផ្ដើមនាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
នៅក្នុងដំណើរបំពេញបេសកកម្ម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺប្រតិភូ អត្តពលិក សរុបប្រមាណ ១០០នាក់ លើកីឡាចំនួន ៩ប្រភេទ រួមមាន កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាទោចក្រយាន, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាប៊ីយ៉ា និងស្នូកឃ័រ, កីឡាអត្តពលកម្ម, កីឡាអុកចិន, កីឡាប្រដាល់សកល និងកីឡាហែលទឹក។
គិតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកប្រមាណ ៤០០នាក់ លើ ២២ប្រភេទកីឡាហើយ ទៅទីក្រុងហាណូយ ក្នុងចំណោមប្រតិភូ និងអត្តពលិក ៣៣ប្រភេទកីឡា។ ជាមួយគ្នានេះ មុនឈានដល់ការប្រកួតផ្លូវការ ក៏មានកីឡាមួយចំនួនបានធ្វើការប្រកួតជាបណ្ដើរៗ និងដណ្ដើមបានមេដាយជូនជាតិផងដែរ។ ជាក់ស្ដែងកីឡាករទូករ៉ូអ៊ីងកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាគូបុរស។
ចំពោះកីឡាឃីកបុកស៊ីង មានកីឡាករ ៤រូប បានឡើងវគ្គផ្ដាច់ព្រ័ត្រត្រៀមប្រកួតដណ្ដើមមេដាយមាសជូនជាតិ នាថ្ងៃទី១៣ ខែឧសភាស្អែកនេះ រួមមានកីឡាករ ទូច រ៉ាឆាន់, លន បញ្ញា, កាន់ ម៉េងហុង និងកីឡាករ ឈឿង ល្វៃ ហើយកីឡាករ សាន រ៉ាគីម ក៏ទទួលបានមេដាយសំរឹទ្ធស្ទួន ១គ្រឿងផងដែរ។
ចំពោះកីឡាបាល់ទាត់ វិញ្ញសាបុរស ប្រកួត ២ដង ឈ្នះ១ និងចាញ់១ ខណៈវិញ្ញាសានារី ប្រកួតចាញ់១។
សូមបញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនក្រុមប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជា ត្រូវបានផ្តល់ការហោះហើរដោយក្រុមហ៊ុន Cambodia Airways ទាំងទៅទាំងមកដោយឥតគិតថ្លៃ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕