ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងជំរុញឲ្យក្រុមហ៊ុនវិស័យឯកជន បង្កើនការវិនិយោគឲ្យកាន់តែច្រើនមកកាន់ទឹកដីខេត្តត្បូងឃ្មុំ ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងការបង្កើនសេវាកម្ម ឬផលិតផលនវានុវត្តន៍ និងការចាប់យកឱកាសថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន។
មានប្រសាសន៍បែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហាងអិលជី ប្រេនហ្សប (LG Brandshop ) ជាហាងថ្មីសាខាទី១៧ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសម្តែងការចូលរួមរីករាយអបអរសាទរ ចំពោះការបើកដំណើរការហាងថ្មី នៅកណ្តាលបេះដូងក្រុងសួង ដែលជាតំបន់កំពុងមានអភិវឌ្ឍខ្លាំង ជាកន្លែងតាំងបង្ហាញដ៏អស្ចារ្យមួយសម្រាប់គ្រប់ផលិតផលថ្មីៗ ជាពិសេសជាទីប្រជុំជនមានប្រជាជនកំពុងតែមានភាពរីកចម្រើនកំពុងស្វែងរកនូវអ្វីដែលថ្មីៗ និងមានគុណភាពល្អ។
ក្នុងឳកាសនោះដែរលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៏លើកឡើងថា ហាង LG BRANDSHOP ត្រូវបានបង្តើតឡើងក្នុងឆ្នាំ ២០១២ ដែលជាហាងដំបូងគេនៅប្រទេសកម្ពុជា ហើយបានផ្តល់ជូននូវផលិតផល LG គ្រប់ប្រភេទរួមមានដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និង ឧបករណ៍បំពងសម្លេង ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀតទៅដល់អតិថិជន ។
លោកឧកញ៉ា បន្ថែមថា បច្ចុប្បន្ន LG BrandShop មានសាខាចំនួន ១៧ ដែលក្នុងនោះមានចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ នឹងចំនួន ១២ សាខានៅតាមបណ្តាខេត្ត ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាសាខាទី ១៧ ដែលយើងកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះផងដែរ៕