កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជាប្រចាំ ពោលគឺគ្រប់ស្ថានការណ៍ មិនដែលមានពេលណាមួយ ទុកប្រជាពលរដ្ឋចោលនោះឡើយ ។
ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងមួយខ្សែ និងអគារសិក្សាមួយខ្នង ក្នុងសាលាបឋមសិក្សាក្សេម ឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគួសបញ្ជាក់ទៀតថា បើទោះបីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាសកល ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម តែព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំគៀងគរស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសំដៅបង្កើតភាពស៊ាំនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧមត្តអភិបាលខេត្តបានយក ឱកាសនោះ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូន សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងស្រោចស្រង់អាយុជីវិតរបស់ប្រជាជន និងការគិតគូរលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយគាំពារសង្គម រួមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តបម្រើឱ្យការរីកចម្រើន នៃសង្គមជាតិទាំងមូល។ គ្រប់កាលៈទេសៈ សម្តេចតេជោ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុកប្រជាពលរដ្ឋចោលនោះឡើយ៕